Wednesday, August 17 Login

ជប៉ុនគឺជានិមិត្តរូបនៃភាពព្រឺព្រួច ព្រោះបើនិយាយដល់ភាពយន្តខ្មោចលស់ព្រលឹងធានាថាឈុតឆាកក្នុងរឿងជប៉ុនលងសាហាវមិនចាញ់ប្រទេសណាមួយនោះឡើយ។ ជប៉ុនក៏មិនខុសពីប្រទេសផ្សេងៗដែរគឺមានរឿងរ៉ាវតំណាល​តៗគ្នាមិនថារឿងព្រេងនិទាន រឿងទេវកថា ឬរឿងខ្មោច ឬក៏ទីតាំងខ្មោចលងនោះឡើយសុទ្ធតែល្បីល្បាញទាំងអស់ ។ ថ្ងៃនេះត្រយងសូមលើកយកទីតាំងខ្មោចលងពិតៗ ចំនួន៥កន្លែង ដែលទីតាំងទាំងអស់នោះបានក្លាយជាទីរហោស្ថានគ្មានអ្នកណាហ៊ានរស់នៅក្បែរ ព្រោះតែប្រវត្តិលងដ៏រន្ធត់របស់ទីតាំងទាំងនោះ។ សូមតាមដានដូចតទៅ៖

១. សាលាចាស់ទ្រុឌទ្រោមកណ្ដាលព្រិល Bibai (ប៊ីបៃ)

Round schoolhouse ruins៖ សាលារៀនដែលស្ថិតនៅតំបន់ដាច់ស្រយាលក្នុងក្រុងតូចមួយលើកោះហុកកៃដូមានឈ្មោះថា ប៊ីបៃ បានសាងសង់ឡើងកាលពីឆ្នាំ១៩០៦ ដោយកូនសិស្សភាគច្រើនគឺជាកូនរបស់កម្មករជីកយករ៉ែរបស់ក្រុមហ៊ុនជីកយករ៉ែធ្យូងថ្ម Mitsubishi។ នៅជុំវិញសាលាមានដើមឈរដុះព័ទ្ធជុំវិញចង់ធ្វើដំណើរទៅដល់ខាងក្នុងត្រូវឆ្លងកាត់ព្រៃដ៏ក្រាស់។ នៅតាមផ្លូវចូលទៅក្នុងបរិវេណសាលា មានសល់ឡានចាស់ៗចតចោល។ សាលានេះត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ១៩៧៤ ក្រោយពេលដែលប្រទេសជប៉ុនចាប់ផ្ដើមនាំចូលធ្យូងពីខាងក្រៅយកមកប្រើវិញ។ គ្រឿងបរិក្ខាររបស់សាលាត្រូវបានទុកចោល មិនថាតុកៅអីសិស្ស និងសំភារៈសិក្សាមួយចំនួន។ មានមនុស្សជាច្រើនដែលមិនជឿរឿងខ្មោចហើយបាននាំគ្នាសំរុកទៅពិសោធន៍សាលាដែលគេបោះបង់ចោលនេះ ប៉ុន្តែពេលត្រលប់មកវិញម្នាក់ៗភ័យបាក់ស្បាត និងរវើរវាយ ហើយមានអ្នកខ្លះទៀតចូលទៅក្នុងនោះហើយក៏បាត់ស្រមោលលែងត្រលប់មកវិញក៏មាន។ បើតាមពាក្យចចាមអារ៉ាមនិយាយពីមាត់មួយទៅមួយនិយាយថា ពេលទៅដល់ទីនោះមានឮសំឡេងមនុស្ស សំឡេងសំរឹបជើង ប្រៀបដូចជាមានមនុស្សចាំឃ្លាំមើលគ្រប់ជំហាន ជាពិសេសយប់ឡើងមានឮសូរសំឡេងស្រែកចេញពីក្នុងព្រៃ ហើយមានខ្លះទៀតថាពួកគេត្រូវស្រមោលខ្មៅចេញពីក្នុងព្រៃតាមវាយប្រហារថែមទៀត។

២.ជ្រលងភ្នំខ្មោចសណ្ឋិត អយរ៉ាន ប៊ូឈិ (Oiran Buchi)

Oiran Buchi Bridge៖ សណ្ឋិតនៅចំកណ្ដាលជ្រលងភ្នំដែលឡោមព័ទ្ធទៅដោយជ្រោះជ្រងជ្រលងដងអូរនិងផ្លូវក្រវ៉ាត់ក្រុងដ៏ធំលេខ៤១១ នៃក្រុងយ៉ាម៉ាណាឈិ ទោះជាពេលធម្មតាទីតាំងនេះមើលទៅស្អាត ប្រកបទៅដោយទេសភាពស្រស់បំព្រង ប៉ុន្តែបើស្ដាប់ពីប្រវត្តិដែលចាស់ៗបានតំណាលតៗគ្នាមកជាច្រើនយុគសម័យបានពោលថា កាលពីសម័យសេនគូឃុ ឆ្នាំ១៥៧៥ តំបន់នេះគឺជាទីក្រុងរកមាស ហើយដើម្បីផ្ដល់ភាពសុខស្រួលដល់អ្នកធ្វើការនិងអ្នកគ្រប់គ្រង គេបានបង្កើតបនស្រីនៅក្បែរៗនោះ ដើម្បីរងចាំបំរើប្រណិបត្តិដល់បុរសៗនាពេលរាត្រីកាល។ ក្រោយមកពេលសង្គ្រាមចាប់ផ្ដើមញ៉ាំញីខ្លាំងឡើង អ្នកគ្រប់គ្រងទីនេះបានភៀសខ្លួនចាកចេញ ប៉ុន្តែមុននឹងចាកចេញគេបានសម្រចចិត្តកំចាត់ស្រីបនទាំងអស់នោះចោលគ្មានសល់ ព្រោះគេខ្លាចពួកនាងយករឿងអាថ៌កំបាំងរបស់គេប្រាប់ទៅបច្ចាមិត្រ។ ពួកទាហានបាននាំស្រីបនទាំងអស់មកកាន់វេទិកាធំមួយពីមុខជ្រលងជ្រោះដ៏ជ្រៅ ហើយប្រាប់នាងៗទាំងនោះថាឱ្យមកសម្ដែងរបាំនៅលើវេទិការនេះ។ នៅពេលដែលនាងៗមកដល់ពួកគេបានកាត់ខ្សែទម្លាក់ស្រីៗទាំង៥៥នាក់ នោះឱ្យធ្លាក់ចូលជ្រោះស្លាប់យ៉ាងព្រៃផ្សៃ។ បច្ចុប្បន្នបុរសៗដែលធ្វើដំណើរចរាចរណ៍មកក្បែរៗ តែងតែត្រូវបានគេដាស់តឿនមិនឱ្យឈរក្បែរត្រង់មាត់ជ្រោះនោះឡើយ ព្រោះនឹងត្រូវវិញ្ញាណខ្មោចស្រីទាំង៥៥នាក់នោះចាប់ទាញទម្លាក់ចូលជ្រោះជាមួយគ្នា។ អ្នកភូមិ អ្នកស្រុកដែលរស់នៅក្បែរៗនោះបាននិយាយថាវិញ្ញាណទីនេះកាចសាហាវណាស់ ពេលដែលធ្វើដំណើរក្បែរៗនោះពួកគេមានអារម្មណ៍បរិយកាសត្រជាក់ធ្វើឱ្យរងា និងព្រឺឆ្អឹងខ្នង មិនតែប៉ុណ្ណោះថែមទាំងមានអ្នកធ្លាប់ឮសំឡេងស្រែកដោយកំហឹងនិងគំនុំចេញពីខាងក្នុងជ្រលងនោះថែមទៀតផង។

៣.ព្រៃអត្តឃាត អូគិហ្គាហារ៉ា យ៉ាម៉ាណាស៊ិ

ព្រៃអត្តឃាត អូគិហ្គាហារ៉ា យ៉ាម៉ាណាស៊ិ ៖ គឺជាព្រៃដែលតែងតែមានវត្តមានក្នុងព័ត៌មានជប៉ុនជាញឹកញាប់ ព្រោះទីនេះរមែងមានមនុស្សដែលស្អប់ខ្ពើមជីវិតលួចទៅសម្ងំសម្លាប់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅទីនោះ ដោយសារតែគេយល់ថាទៅបញ្ចប់ជីវិតចុងក្រោយនោះក្នុងព្រៃជ្រៅ នឹងមិនសាងភាពក្ដៅក្រហាយឱ្យដល់អ្នកដទៃ។ ព្រៃអូគិហ្គាហារ៉ា ស្ថិតនៅជើងភ្នំភ្លើងហ្វូជិ មិនឆ្ងាយពីតំបន់ដើរកម្សាន្តប៉ុន្មាននោះឡើយ។ មន្ត្រីអភិរក្សរមែងប្រទះសពដែលមកសម្លាប់ខ្លួនក្នុងមួយឆ្នាំៗមិនតិចជាង១០០សពនោះឡើយ ទោះជាអាជ្ញាធរមានសមត្ថកិច្ចព្យាយាមបិទស្លាកតឿនស្មារតីដូចជា «ជីវិតអ្នកមានតម្លៃណាស់ សូមគិតឡើងវិញ» ឬ «មុននឹងសម្រេចចិត្តធ្វើអ្វីសូមគិតដល់គ្រួសាររបស់អ្នកជាមុនសិន» នៅតាមច្រកចូលព្រៃក្ដី។ ប៉ុន្តែពាក្យដាស់តឿនអស់នេះហាក់មិនបានជ្រាបចូលក្នុងខួរក្បាលសម្រាប់អ្នកដែលធ្វើដំណើរមកទីនេះដើម្បីបញ្ចប់ជីវិតខ្លួនឡើយ។ ក្រៅពីមកសម្លាប់ខ្លួនហើយព្រៃនេះក៏ជាទីតាំងដ៏ពេញនិយមសម្រាប់អ្នកដែលមកធ្វើពិធីសាសនាដូចជាដាក់បណ្ដាសារនិងធ្វើពិធីអាគមផ្សេងៗដូចជាដុំដែកគោលចូលដើមឈើដើម្បីដាក់បណ្ដាសារចំពោះអ្នកដែលយើងស្អប់ ប៉ុន្តែបច្ចុប្បន្នមន្ត្រីអភិរក្សបានព្យាយាមការពារមិនឱ្យមនុស្សចូលទៅធ្វើពិធីបែបនេះទៀតនោះឡើយ។ ទោះជាមានការយាមកាមយ៉ាងតឹងរ៉ឹងប៉ុន្តែព្រៃអត្តឃាតនៅតែជាព្រៃអត្តឃាត ដែលមានមនុស្សលបលួចចូលទៅសម្លាប់ខ្លួនជាប្រចាំ រហូតមានសពខ្លះត្រូវសត្វព្រៃអូសទៅស៊ីក៏មាន។ ដោយសារតែជាទីតាំងស្លាប់ខ្លួនដ៏ធំធ្វើឱ្យព្រៃនេះមានតែរឿងសោកសៅបរិយាកាសពោរពេញទៅដោយភាពព្រឺព្រួច ដូច្នេះអ្នកដែលទៅលេងនៅទីនោះមានអារម្មណ៍ប្រៀបដូចជាមានខ្សែភ្នែករាប់ពាន់ម៉ឺនគូចាំសម្លឹងពួកគេចេញពីគ្រប់ជ្រុងទាំងអស់នៃព្រៃដ៏គួរឱ្យខ្លាចមួយនេះ។

៤. អូតែលបោះបង់ចោល ណាកាគុសុគុ Nakagusuku Hotel ruins

វិមានណាកាគុសុគុ ស្ថិតលើកោះអូគីណាវ៉ាគឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែអូតែលណាកាគុសុគុ ដែលមានចម្ងាយត្រឹមតែ៥០ម៉ែត្រពីជញ្ជាំងប្រាសាទបែរជាមិនត្រូវបានគេចាប់អារម្មណ៍ទៅវិញ។ តើព្រោះហេតុអ្វីទៅ? តាមដឹងអគារអូតែលនេះកសាងឡើងដោយសេដ្ឋីមកពីណាហា ដែលមានគោលបំណងចង់បង្កើតសណ្ឋាគារនិងសួនទំនើបកណ្ដាលក្រុងអូគីណាវ៉ា កំឡុងដែលមានអ្នកទេសចរណ៍ចាប់ផ្ដើមមកកម្សាន្តនៅតំបន់នោះកាលពីឆ្នាំ១៩៧៥។ គេបានសាងសង់សណ្ឋាគារនៅលើកូនភ្នំភាគខាងត្បូងនៃប្រាសាទ ដែលអាចមើលឃើញទិដ្ឋភាពទេសភាពទាងប្រាសាទនិងសមុទ្រ ប៉ុន្តែព្រះសង្ឃបានព្រមានថាទីតាំងសាងសង់នោះគឺជាទីតាំងផ្នូរបុរាណ និងជាកន្លែងសក្ការៈស័ក្ដិសិទ្ធិ ដូច្នេះហាមសាងសង់បើសិនមិនចង់ឱ្យដួងវិញ្ញាណខឹងក្រេវក្រោធ។ យ៉ាងណាមិញការសាងសង់នៅតែបន្ត ប៉ុន្តែមានហេតុការណ៍អាក្រក់ៗជាច្រើនកើតឡើងជាបន្តបន្ទាប់គ្នា ធ្វើឱ្យកម្មករនិងអ្នកម៉ៅការសំណង់ចាប់ផ្ដើមភ័យខ្លាចនិងបដិសេធមិនទទួលសាងសង់ជាបន្តទៀត ទីបំផុតអូតែលដ៏ធំនេះត្រូវបានផ្អាកការសាងសង់ជាស្ថាពរ។ ម្ចាស់សណ្ឋាគារនេះក្ដៅក្រហាយយ៉ាងខ្លាំងដូច្នវលោកបានសម្រេចចិត្តចូលទៅដេកក្នុងនោះសណ្ឋាគារនោះដើម្បីចង់បន្សាបរាល់ពាក្យចចាមអារ៉ាមដែលនិយាយថាទីតាំងនេះមានខ្មោចលង។ ព្រឹកឡើងស្រាប់តែលោកមានអាការ រវើរវាយ ស្រែកឡូឡា គេបាននាំយកលោកទៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកលោកស្រាប់តែបាត់ខ្លួនដោយគ្មានបន្សល់ដំណឹងអ្វីទាំងអស់។ សព្វថ្ងៃទីតាំងនេះនៅតែស្ថិតនៅឯកោមិនមានអ្នកណាហ៊ានចូលទៅជិត កន្លែងខ្លះនៃតួអគារមានដើមឈើនិងវល្លិព័ទ្ធជុំជិត។ អ្វីដែលធ្វើឱ្យអគារខ្មោចលងនេះកាន់តែគួរឱ្យខ្លាចនោះ គឺដោយសារកាលពីឆ្នាំ២០០៩ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា ទាហានរបស់ខ្លួនម្នាក់រងរបួសព្រោះតែចូលទៅរុករកក្នុងអគារនេះ។

៥. ផ្ទះខ្មោចលងនៅអូសាកា Hanging Ruins, Osaka

សម្រាប់ទីតាំងខ្មោចលងចុងក្រោយនេះ អាចនិយាយបានថាជាផ្ទះខ្មោចសណ្ឋិតដែលលេចធ្លោមួយព្រោះ វាមានទីតាំងស្ថិតនៅកណ្ដាលអគារសម័យថ្មីនិងទាន់សម័យ។ ផ្ទះចាស់មានកម្ពស់ ៤ជាន់ត្រូវភ្លើងឆេះអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនមានអ្នកណាវាយកម្ទេចចោលស្ថិតក្នុងតំបន់អភិវឌ្ឍ សិនសេខៃ ។ កាលពីឆ្នាំ២០០៥ មានបុគ្គលិកហាងនៅទល់មុខអគារនេះបានទូរសព្ទទៅប៉ុស្ដិ៍ប៉ូលិសថាឃើញមានរបស់ចម្លែកចង់នៅជាន់លើបង្អស់នៃផ្ទះនេះប៉ុន្តែពេលប៉ូលិសទៅដល់ស្រាប់តែប្រទះសពមិនស្គាល់អត្តសញ្ញាណ ហើយនៅក្បែរសពមានចងស្បែកជើងទុកនៅទីនោះផងដែរ។ រឿងរ៉ាវនៅមិនទាន់ចប់ត្រឹមនេះនោះទេ ព្រោះមានអ្នករស់នៅជិតនោះនិយាយទៀតថាមានគេមើលឃើញរូបតុក្កតាប្លែកៗមានទំហំប៉ុនមនុស្សត្រូវគេយកទៅចង់នៅជាន់លើដំបូល ប៉ុន្តែនៅពេលព្យាយាមសម្លឹងឱ្យយូរស្រាប់តែជាសាកសពមនុស្ស។ អ្នករស់នៅប្លុកនោះមិនមានអ្នកណាដឹងពីប្រវត្តិពិតប្រាកដរបស់ផ្ទះនេះនោះឡើយ ហើយក៏មិនដឹងដែរថាអ្នកណាជាម្ចាស់ ប៉ុន្តែអ្វីដែលគេគ្រប់គ្នាបានដឹងឮនោះគឺ នៅលើដំបូលផ្ទះនេះគេរកឃើញ មិនតិចជាង៣នាក់នោះឡើយ៕

Share.

Leave A Reply