សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់​ថា ការចាប់ឆ្នោតចែកពូល​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​បុរស​​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ានAFF Championship ឬ​ហៅ​ឈ្មោះ​ថា​ AFF Suzuki Cup 2020 នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ ខណៈ​ទីកន្លែង និងរូបមន្ត​ប្រកួត​នឹង​ប្រកាស​នៅ​ពេល​បន្ទាប់។

តាម​ផែនការ​​ ​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 ដែល​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន ១១ប្រទេស​ចូលរួម​នោះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ពោល​គឺ​បន្ទាប់​ពី​ការ​លើក​ពេល​ប្រកួតដោយ​សារ​​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ នៅ​ក្នុង​តំបន់​និង​សាកល​លោក។

ឯកឧត្តម ខៀវ សាម៉េត ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់អាស៊ាន ត្រូវ​បាន​ស្រង់​សម្តី​នៅ​លើ​សេចក្តី​ជូនដំណឹង​ថា៖«យើងមានសេចក្តីសោមន្សរីករាយ សូមប្រកាស​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​ចែក​ពូល​ជា​ផ្លូវការសម្រាប់ការប្រកួតឆ្នាំនេះ។ AFF មាន​គោលបំណង​ពេញ​លេញ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ក្រោម​រូបមន្តពេញ​លេញ​មួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងដី(Home) និង​ក្រៅដី(Away) នៅ​គ្រប់ដំណាក់កាលនៃការប្រកួត។ ប៉ុន្តែ​យើង​ក៏​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​នៃ​ការ​ស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាច​រាប់​បញ្ចូល​នៃ​ជម្រើស​រូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។

កម្ពុជា (ស) ប្រកួតជាមួយ​វៀតណាម (ក្រហម)

ព្រឹត្តិការណ៍ AFF Championship រៀបចំ​ឡើង​ដំបូង​ចាប់​ពី​ឆ្នាំ​១៩៩៦ មក​ដែល​កាល​ណោះ​ដាក់​ឈ្មោះ​ថា Tiger Cup តែ​ចាប់​ពី​ឆ្នាំ​២០០៨ មក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup ឱ្យ​ស្រប​តាម​ម្ចាស់​ឧបត្ថម្ភ និង​រៀបចំ​រាល់​២ឆ្នាំ​ម្តង។ ក្រុម​កម្ពុជា មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ម្តង​ណា​នោះ​ទេ តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​មក ខណៈ​ក្រុម​ថៃ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៥ដង ហើយ​ក្រុម​វៀតណាម ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ២០១៨៕

Telegram-Troryorng
Share.