ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចជ្រើសរើសយកជាសាលាគោលដៅបំពាក់ជូនបណ្ណាល័យអេឡិចត្រូនិក ក្រោមប្រធានបទបណ្តុះបណ្តាល និងស្រាវជ្រាវ ការសិក្សាពីលទ្ធភាពបង្ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៣ វិទ្យាល័យ គឺវិទ្យាល័យអូរជ្រៅនៃក្រុងប៉ោយប៉ែត វិទ្យាល័យសិរីសោភ័ណនៃក្រុងសិរីសោភ័ណ និងវិទ្យាល័យភ្នំស្រុកនៃស្រុកភ្នំស្រុក។

បណ្ណាល័យអេឡិចត្រូនិកដែលត្រូវបំពាក់នៅវិទ្យាល័យទាំង៣នេះ ជាអំណោយឯកឧត្តមនាយឧត្តមសេនីយ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ។ នាយកវិទ្យាល័យទាំង៣ បានឯកភាពរៀបចំបន្ទប់សិក្សាដែលមិនប្រើប្រាស់ សម្រាប់រង់ចាំទទួលការបំពាក់កុំព្យូទ័រ និងឧបករណ៍ជាស្តង់ដារបណ្ណាល័យពីអាជ្ញាធរជាតិ។ នេះបើតាមលទ្ធផលនៃការចុះសិក្សា និងវាយតម្លៃ។

ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន និងរដ្ឋបាលខេត្ត ក៏បានផ្សព្វផ្សាយ និងណែនាំពីការងារលើកកម្ពស់សុខភាពសិក្សា និងបានចែកជូនគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ព្រមទាំងចែកជូននូវសៀវភៅសិក្សាក៏ដូចជាឯកសារពាក់ព័ន្ធការងារសុខភាពសិក្សា ជូនដល់គណ:គ្រប់គ្រងវិទ្យាល័យនិងសាកលវិទ្យាល័យជាតិមានជ័យផងដែរ។

ដោយមានសំណូមពរពីសាកលវិទ្យាល័យ ក៏ដូចជាតំណាងអាជ្ញាធរជាតិ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានដំណើរការ សិក្ខាសាលា ស្តីពី ការលើកកម្ពស់សុខភាពសិក្សា ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យ ដែលមានសាស្រ្តាចារ្យនិងនិស្សិតចូលរួមប្រមាណ ៤០០ នាក់៕

Share.