នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធី ពិសេសអភិបាលខេត្តព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។

បើតាមព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោមនៅរសៀលថ្ងៃសុក្រនេះ សម្ដេចបានស្នើថា«កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។

សម្ដេចបន្ថែមថាក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។

សម្ដេចក៏បានផ្ដល់ការណែនាំឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ សម្ដេចណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ៕

Share.