ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦ឆ្នាំ​របស់​កម្ពុជា (U16) បាន​បង្កើត​កំណត់ត្រា​ថ្មី ដោយ​បាន​យក​ឈ្នះ​ក្រុម​អូស្រ្តាលី ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល C នៃ​ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U16 Championship 2022 នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​រសៀល​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា ឆ្នាំ​២០២២ នេះ។

​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៤គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ វ៉ា ដាវីដ នៅ​នាទី​ទី១ កីឡាករ ស៊ូ ម៉េងហុង នៅ​នាទី​ទី១៣ និង​៩១ និង​កីឡាករ សួន មករា នៅ​នាទី​៧៥។ ចំណែក​គ្រាប់បាល២គ្រាប់​របស់​អូស្រ្តាលី រក​បាន​ដោយ​កីឡាករ Ayman Gulasi នៅ​នាទី​៣០ ដោយ​បាល់​ពិន័យ១១ម៉ែត្រ និង​កីឡាករ Max Hately នៅ​នាទី​៨៣។

សូម​បញ្ជាក់​ថា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា ជាមួយ​អូស្ត្រាលី កន្លង​មក​គ្រប់​ឈុត​មិន​ថា​យុវជន បុរស ឬ នារី នោះ​ទេ​កម្ពុជា មិន​ធ្លាប់​ឈ្នះ​អូស្ត្រាលី នោះ​ឡើយ។

ពានរង្វាន់​នេះ​បែងចែក​ជា​៣ពូល ដោយ​ពូល A មាន​ឥណ្ឌូណេស៊ី, វៀតណាម,​ហ្វីលីពីន និង​សិង្ហបុរី ហើយ​ពូល B មាន​ទីម័រខាងកើត,​ថៃ,​ឡាវ និង​ប្រ៊ុយណេ និង​ពូល C មាន​ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,កម្ពុជា និង​អូស្ត្រាលី។ ក្រុម​លេខ១​តាម​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​លេខ២​ល្អ​ជាង​គេ​ក្នុង​ចំណោម​ពូល​ទាំង​៣ មាន​ឈ្មោះ​ឡើង​ទៅ​ជុំបន្ត​ដូចគ្នា។

សម្រាប់​ក្រុម​កម្ពុជា ប្រកួត​បើក​ឆាក​ពី​ថ្ងៃ​ទី២ ខែ​សីហា កន្លង​ទៅ​បាន​ចាញ់​ម៉ាឡេស៊ី ៣-០ ហើយ​ថ្ងៃ​នេះ​បាន​យក​ឈ្នះ​អូស្ត្រាលី ៤-២ និង​ប្រកួត​បិទ​ពូល នឹង​ត្រូវ​ប៉ះ​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២ ខាង​មុខ។

ក្រុម​កម្ពុជា ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​នេះ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦ តែ​កាល​នោះ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤​ក្រោយ​ចាញ់ វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ១-០ និង​បន្ត​ចាញ់​ថៃ ៣-០ នៅ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣។ ចំណែក​អូស្រ្តាលី វិញ​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ចំនួន​ ២លើក​គឺ​នៅ​ឆ្នាំ​២០០៨ និង​២០១៦ ហើយ​ឈ្នះ​ជើង​ឯក​រង​ឆ្នាំ​២០១២ និង​ឈ្នះ​លេខ៣ នៅ​ឆ្នាំ​២០១៣,​២០១៥​និង​២០១៧ ផង​ដែរ៕

វីដេអូនៃការប្រកួតទាំងស្រុង ដែលផ្សាយផ្ទាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖

Share.