ភ្នំពេញ ៖ រថយន្តអូសសណ្តោងពោងសុីម៉ង់ត៍មួយគ្រឿង ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីទទឹងរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង តែមិនបង្កឲ្យអ្នកណារងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋ ម៉ាកISUZU ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ37 3-0237 បើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ គោលបំណងទៅផ្លូវ៣០ម៉ែត្រ មិនទាន់ផុតផង ស្រាប់តែរថយន្តសណ្តោងពោងសុីម៉ង់ត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-1457 សណ្តោងរុឺម៉កសុីទែនពោង ពាក់ស្លាកលេខ កំពត 4A-0035 ដែលបើកតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ហ្វ្រាំងមិនជាប់ ជ្រុលបុកពីទទឹង បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង ។

ក្រោយកើតហេតុ ខណៈដែលរថយន្តទាំង២គ្រឿងជួបបញ្ហា បង្កឲ្យកកស្ទះចរាចរ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍សម្រួលចរាចរ រួចប្រគល់រថយន្តទាំង២គ្រឿងឲ្យទៅការិយាល័យចរាចរជើងគោក នៃស្នងការរាជធានីភ្នំពេញ វាស់វែងហកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.