ក្រុមស្ត្រីញៀនល្បែងចំនួន១០ នាក់ត្រូវបាននគរបាលស្រុកកណ្ដៀងចុះចាប់និងនាំខ្លួនយកមកអប់រំខណៈដែលពួកគេប្រមូលផ្ដុំគ្នាលេងបៀនៅវេលាម៉ោង៣រសៀលថ្ងៃទី០១ ខែមិថុនាឆ្នាំ ២០២១។

ប្រតិបត្តិការរបស់ក្រុមសមត្ថកិច្ចនេះធ្វើឡើងនៅ ចំណុចផ្ទះរបស់ឈ្មោះគាវ ឈុនលី ភេទស្រីអាយុ ៣៧ ឆ្នាំស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើមានក្រុមអ្នកញៀនល្បែងជាច្រើននាក់តែងប្រមូលផ្ដុំគ្នាបើកវង់លេងបៀ សមត្ថកិច្ចស្រុកបានរៀបចំកម្លាំងចុះព័ទ្ធចាប់ស្ត្រីចំនួន ១០ នាក់និងបានប្រមូលវត្ថុតាងមួយចំនួនរួមមានបៀ កំរាល តង់ មួយ កំរាលសារុងចំនួន ៥ កញ្ច្រែង ៣ ឡូតូ មួយឈុត ស្បែកជើង ៣គូ កម្រាលកន្ទេល ០១ ធុងទឹកកក ០១និង លុយចំនួន ១៦.000 រៀល។

ក្រោយការបង្ក្រាបនោះ ក្រុមជនសង្ស័យទាំង១០ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនយកមកអប់រំនិងធ្វើកិច្ចសន្យានៅអធិការដ្ឋានគរបាលស្រុកកណ្ដៀងខណៈដែលឡែកវត្ថុតាងទាំងអស់រក្សាទុក៕

អត្ថបទ៖ភ្នាក់ងារពោធិ៍សាត់

Share.