ក្រោយ​ពី​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​បាន​បន្ត​ស្នើសុំ​ឱ្យ​តួ​ឯក​ប្រុស​-ស្រី​ពី​ភាពយន្ត​ភាគ​ «មន្ត​ស្នេហ៍​ចៅ​ស្រី​»​ ដែល​បច្ចុប្បន្ន​កំពុង​តែ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ គឺ​លោក​ប្រុស​ខួច​ និង​កញ្ញា​ វិជ្ជរា​ ជួប​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ភាគ​ថ្មី​នោះ​​ ខណៈ​នេះ​​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ទូរទស្សន៍​ភីអិនអិន​ហើយ​។

ភាពយន្ត​ភាគ​រឿង​ ​«​មន្ត​ស្នេហ៍​ចៅស្រី​»​​ គឺ​ជា​រឿង​ភាគ​មួយ​ដែល​មាន​ប្រជាប្រិយភាព​និង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ភាពយន្ត​ខ្មែរ​ ដោយ​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​បាន​ចូល​តួ​ ព្រោះ​តែ​លង់​នឹង​មន្ត​ស្នេហ៍​របស់​តួឯក​ប្រុស​ស្រី​ទាំង​ពីរ​ រហូត​​នាំ​គ្នា​ទទូច​​និង​ស្នើសុំ​ចង់​ឱ្យ​តារា​វ័យ​ក្មេង​ទាំង​ពីរ​ដួង​នេះ​ជួប​សម្ដែង​ក្នុង​រឿង​ថ្មី​ជាមួយ​គ្នា​ជា​បន្ត​ទៀត​។​

សារព័ត៌មាន​ត្រយង​ញូវស៍​បាន​នាំ​សារ​នេះ​ទៅ​ជំរាប​សួរ​ដល់​ថ្នាក់​ដឹកនាំ​មួយ​រូប​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​​ដើម្បី​ធ្វើ​ការ​​​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មហាជន​។​ កញ្ញា​ ទូច​ បុប្ផា​ ​​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ភីអិនអិន ​បាន​ផ្ដល់​សញ្ញា​វិជ្ជមាន​ចំពោះ​ការ​វិល​ត្រលប់​មក​ជួប​គ្នា​ជា​ថ្មី​រវាង​តួឯក​ប្រុស​ស្រី​ទាំង​ពីរ​រូប​នេះ​។

«ជា​បឋម​​ក្នុង​នាម​​ខ្ញុំ​ជា​តំណាង​របស់​​ស្ថានីយទូរទស្សន៍​ភីអិនអិន​ ពិត​ជា​រីករាយ​យ៉ាង​ខ្លាំង​ដែល​បងប្អូន​ទស្សនិកជន​ចាប់​អារម្មណ៍​និង​ស្រលាញ់​តួ​អង្គ​ដែល​គាត់​ទាំង​ពីរ​បាន​សម្ដែង​ ខណៈ​នេះ​ក្រុម​ការងារ​ភីអិនអិន​បាន​កំពុង​តែ​ជួប​ជជែក​គ្នា​​ដើម្បី​ស្វែង​រក​សាច់​រឿង​ និង​ រសជាតិ​រឿង​ថ្មី​ប្លែក​មួយ​សម្រាប់​អ្នក​ទាំង​ពីរ​ ម្យ៉ាង​ទៀត​ដោយ​បច្ចុប្បន្ន​នេះ​ទាំង​ប្រុស​ខួច​ និង​ វិជ្ជរា​ កំពុង​តែ​ជាប់​ថត​រឿង​ដូច​គ្នា ហេតុ​នេះ​យើង​រង់​ចាំ​ឱ្យ​គាត់​ថត​បញ្ចាំង​រឿង​ដែល​គាត់​កំពុង​សម្ដែង​សិន​ នោះ​យើង​នឹង​ចាប់​គូ​ឱ្យ​គាត់​មក​ជួប​ជាមួយ​គ្នា​ម្ដង​ទៀត​ ប៉ុន្តែ​សាច់​រឿង​បែប​ណា​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​វែក​ញែក​និង​ពិភាក្សា​យ៉ាង​លម្អិត​សិន​ ដើម្បី​សម្រិត​សម្រាំង​ជ្រើស​រើស​សាច់​រឿង​ល្អ​ ​ជក់​ចិត្ត និង​មាន​គុណភាព​កម្រិត​ស្តង់ដារ​​​​​​»។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​ភីអិនអិន​ ក៏​បាន​ឆ្លើយ​តប​ចំពោះ​បងប្អូន​ដែល​ចង់​ឱ្យ​សាច់​រឿង​ «មន្ត​ស្នេហ៍​ចៅ​ស្រី​»​​ មាន​ Season 2 ដែរ​ថា​៖

«ចំពោះ​ វិជ្ជរា​និង​ប្រុស​ខួច​ ខាង​យើង​នឹង​មាន​រឿង​ភាគ​ថ្មី​ដែល​​គាត់​​នឹង​មក​​សម្ដែង​ជាមួយ​គ្នា​ប៉ុន្តែ​ក្នុង​បែប​ផែន​មួយ​ថ្មី​ ​Concept ​ថ្មី​ ​រូបរាង​សាច់​រឿង​ថ្មី​ ​មិនមែន​ស្ថិត​ក្នុង​រឿង​មន្ត​ស្នេហ៍​ចៅ​ស្រី​វគ្គ​២​នោះ​ទេ​ ​ដោយ​សា​រ​រឿង​នេះ​បាន​ផលិត​ចំនួន​៤០​ភាគ​ ​ម្យ៉ាង​សាច់​រឿង​​ក្ដោប​បាន​ចប់​សព្វគ្រប់​បរិបូរណ៍​ហើយ​មិន​ចាំ​បាច់​ត្រូវ​មាន​វគ្គ​ទី​ពីរ​ទៀត​នោះ​ទេ​។​ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​ហ្វេន​មាន​ការ​គាំទ្រ​​ចំពោះ​តួអង្គ​អ្នក​ទាំង​ពីរ​ ភីអិន​អិន​នឹង​​សាច់​រឿង​ផ្សេង​ដែល​មាន​រូបភាព​ថ្មី​មួយ​ទៀត​សម្រាប់​តារា​សម្ដែង​ទាំង​ពីរ​​​​»

កញ្ញា​ ទូច បុប្ផា​ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ភីអិនអិន​ ​ក៏​បាន​បង្ហើប​ឱ្យ​​សញ្ញា​វិជ្ជមាន​មួយ​ទៀត​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​​រីក​ថ្លើម​ព្រោះ​តែ​ក្ដី​រំភើប​ថា ​ប្រុស​ខួច​និង​វិជ្ជរា​ អាច​នឹង​មាន​វត្តមាន​រួម​គ្នា​ក្នុង​រឿង​ភាគ​នៅ​ចុង​ឆ្នាំ​២០២១​នេះ​ ឬក៏​នៅ​ដើម​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។​

​សង្កេត​ឃើញ​ថា​មួយ​រយៈ​កន្លង​មក​នេះ ​ភាពយន្ត​ភាគ​ខ្មែរ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​ ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​ច្រើន​ព្រោះ​តែ​តួ​អង្គ​សម្ដែង​​ស្អាត​ៗ​ ​​សាច់​រឿង​​ក៏​មាន​ភាព​ល្អ​ប្លែក​គួរ​ឱ្យ​ចង់​តាម​ដាន​ទស្សនា​ជា​ពិសេស​​​ គុណភាព​ ​រូបភាព​កម្រិត​HD​ ​ស្តង់ដារ​ច្បាស់​ត្រជាក់​ភ្នែក​៕

Telegram-Troryorng
Share.