កណ្តាល ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសគ្នា២នាក់ បោះពួយល្បឿនលឿនជ្រុលហោះទៅបុកបង្កាន់ដៃស្ពាន៧មករា ធ្លាក់បាក់កស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចលើស្ពាន៧មករា ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុច សុគង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះក្អែក ឃុំកោះហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូ២គ្រឿងជិះ៤នាក់ ប្រដេញគ្នា។ ចំណែកជនរងគ្រោះគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-4824 បើកដោយជនរងគ្រោះឈ្មោះ ម៉ុច សុគង់ រួមដំណើរជាមួយបុរសម្នាក់ ល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចលើស្ពាន៧មករា វ៉ាជែងរថយន្តខាងមុខ ជ្រុល ហោះទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់បាក់កស្លាប់ម្នាក់ របួសធ្ងន់ម្នាក់បាក់ដៃស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់រថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រណៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.