រឿងពិតក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា លោក មាស ចាន់ណា គឺជាគ្រូបង្វឹកម្នាក់គត់ដែលបង្អាក់ដំណើរមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀង ចំនួន២លើករយ:ពេល៣ឆ្នាំចុងក្រោយ ក្នុង​ពានរង្វាន់​លីគ​កំពូល។

គេ​នៅ​ចាំ​ថា​ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្តាតចាស់ ក្លិបបាល់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បានបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor ក្នុងលទ្ធផល ២-១ នៅសប្តាហ៍ទី២៦ ការប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជា។

រដូវកាល ២០១៩ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់២៦ប្រកួត មាន៦៥ពិន្ទុ ដោយឈ្នះ២០ ស្មើ៥ និង១លើក។

លុះនៅថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានស្វាយរៀង ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បានបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor ក្នុងលទ្ធផល ០-១ នៅសប្តាហ៍ទី១៤ នៃលីគកំពូលកម្ពុជា។

បច្ចុប្បន្នក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅកំពូលតារាងដដែល ក្រោយឆ្លងកាត់១៤ប្រកួត ឈ្នះ១១ ស្មើ២ និងចាញ់១លើក មាន៣៥ពិន្ទុ ខណ:វិសាខា ស្ថិតនៅលេខ៣ មាន២៥ពិន្ទុ៕

Share.