បុរសម្នាក់បានលួចម៉ូតូបងថ្លៃ ហើយជិះយ៉ាងលឿនគេចក្នុងទិសដៅព្រៃនប់ ភ្នំពេញបាន ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី  ០២   ខែមិថុនា   ឆ្នាំ២០២១នេះ។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៤  ចន្លោះគីឡូម៉ែត្រ  ២០៥-២០៦ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ អាន់ គុណ អាយុ ២២ឆ្នាំ មានទីលំនៅនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូវ៉ាជែង រួចក៏ជ្រុលចូលទៅបុករថយន្តធុនធំពេញទំហឹង ។

បុរសជាបងថ្លៃអះអាងប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ជនរងគ្រោះបានលូចយកម៉ូតូរបស់ខ្លួន ជិះសំដៅទៅភ្នំពេញ តែជិះមិនបានប៉ុន្មាន ក៏បានស្លាប់ក្នុងហេតុការរណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តដោយខ្លួនឯង ។

បច្ចុប្បន្នវត្ថុតាងរួមទាំងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.