បាត់ដំបង៖ ដើមខែសីហា ឆ្នាំ ២០២២នេះទាហានឈុតខ្មៅថៃបានបញ្ជូនពលករខ្មែរ ១២៤នាក់មកឲ្យសមត្ថកិច្ចស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីកម្លាំងការពារតំបន់ព្រំដែនបានឲ្យដឹងថា រយ:ពេល ៧ថ្ងៃ ចាប់តាំងពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២កន្លងមកនេះទាហានឈុតខ្មៅរបស់ថៃ បានបញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកដោយខុសច្បាប់ចូលធ្វើការងារនៅប្រទេសថៃសរុបចំនួន ១២៤នាក់ ក្នុងនោះពលករបុរសចំនួន ២៨ ស្ត្រីចំនួន ៥១នាក់ និងក្មេងប្រុស ស្រីមានចំនួន ៤៥នាក់។

ប្រភពព័ត៌មានពីមន្ត្រីជំនាញដដែលបានបញ្ជាក់បន្តថា ចំនួនពលរដ្ឋដែលបានចាកចេញខាងលើបានឆ្លងដែនចូលក្នុងទឹកដីថៃកាត់តាមច្រករបៀង ពិសេសនៅពេលយប់ក្នុងភូមិសាស្ត្រនានា របស់ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលរដ្ឋទាំងអស់ខាងលើក្រោយសហការទទួលពីភាគីទាហានថៃក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តជាលទ្ធផលអវិជ្ជមាននូវជំងឺកូវីដ-១៩ រួចហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.