ក្នុង​សប្ដាហ៍​ទី១៣ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League បាន​​បញ្ចប់​​ជុំទី២ កាល​ពី​ពេល​ថ្មីៗ ខណៈ​ក្រុម​គីរីវង់សុខសែនជ័យ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុងដូនកែវ ខេត្ត​តាកែវ ជា​ក្រុម​ចុងក្រោយ​គេ​ក្នុង​ចំណោម​សមាជិក​ទាំង​៨ រក​បាន​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​ខ្លួន។

សារព័ត៌មាន​ត្រយង សូម​លើក​យក​សាច់រឿង​សំខាន់ៗ​ចំនួន៥ ដែល​កើត​ឡើង​នៅ​ក្នុង​ជ័យជម្នះ​នេះ​​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍៖

រឿង​ទី១) បញ្ជី​ឈ្មោះ​ក្រុម​សមាជិក​ទាំង​៨ ដែល​រក​បាន​ជ័យជម្នះ​ក្រោយ​ឆ្លងកាត់​១៤​ប្រកួត​ដូចគ្នា មាន៖
-ព្រះខ័នរាជស្វាយរៀង ឈ្នះ​១១​ប្រកួត
-បឹងកេត ឈ្នះ​ ៨ប្រកួត
-វិសាខា ឈ្នះ​៨​ប្រកួត
-ណាហ្គាវើល ឈ្នះ​៥ប្រកួត
-ភ្នំពេញក្រោន ឈ្នះ​៤ប្រកួត
-Tiffy Army FC ឈ្នះ៤​ប្រកួត
-អង្គរថាយហ្គឺរ ឈ្នះ​៤ប្រកួត
-គីរីវង់សុខសែនជ័យ ឈ្នះ​១​ប្រកួត

រឿង​ទី២) កីឡាករ ជុង សុខា បង្កើត​រឿង​អស្ចារ្យ​ចំនួន​៤​ក្នុង​ប្រកួត​​តែ​១៖
-ទាត់​ចូលទី​លើកដំបូង៖ នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់​ម្ចាស់​អាវ​លេខ៧ មួយ​នេះ​ប្រចាំ​រដូវកាល​២០២២។
-រក​គ្រាប់​បាល់​ជ័យជម្នះ​ដំបូង៖ រូប​គេ​ជា​កីឡាករ​តែ​ម្នាក់​តែ​ទាត់​បញ្ចូល​ទី​ឱ្យ​ក្រុម​​ខ្លួន​ទទួល​បាន​ជ័យជម្នះ
-កីឡាករ​ទី២​​របស់​គីរីវង់​ទាត់​ចូលទី Tiffy Army FC រដូវកាល​នេះ​៖ កីឡាករ​ទី១​របស់​គីរីវង់ទាត់​ចូល Tiffy Army FC គឺ​កីឡាករ​ហ្វីលីពីន OJ Porteria។ ​
-ឈ្នះ​ Man Of The Match លើក​ដំបូង៖ រូប​គេ​បាន​ឈ្នះ​ងារ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត លើក​ដំបូង និង​ជា​កីឡាករ​ទី២​របស់​គីរីវង់ ដែល​ឈ្នះ​ងារ​នេះ​បន្ទាប់​ពី​កីឡាករ​ជប៉ុន Motohiro Kaneshiro ក្នុង​ជំនួប​ទល់​ក្រុម​ភ្នំពេញក្រោន កាល​ពី​សប្ដាហ៍​ទី១២ កន្លង​ទៅ។

រឿង​ទី៣) ជា​ប្រកួត​ទី២ ក្នុង​រដូវកាល​នេះ​ដែល​មិន​មាន​ពិន័យ​កាត​ទាល់តែសោះ​ក្នុង​ពានរង្វាន់ Cambodian Premier League៖ ក្រោម​ការ​កាន់​កញ្ចែ​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា ដែល​ជា​អាជ្ញាកណ្ដាល​ចាយ​កាត​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន​រហូត​ដល់​ដល់​៤៦​សន្លឹក បើ​ធៀប​នឹង​អាជ្ញាកណ្ដាល​៩រូប​ផ្សេង​ទៀត តែ​ជំនួប​រវាង​គីរីវង់សុខសែនជ័យ ទទួល Tiffy Army FC មិន​មាន​ពិន័យកាត​ទាល់​តែ​សោះ។ ​

ប្រកួត​ដំបូង​គេ​​ក្នុង​រដូវកាល​២០២២ ដែល​មិន​មាន​ចាយ​កាត​នោះ​គឺ​ វិសាខា ទទួល​ក្រុម​អង្គរថាយហ្គឺរ ក្នុង​សប្ដាហ៍​ទី៨​កន្លង​ទៅ ក្រោម​ការ​កាត់សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល ហ៊ោ ប៊ុនថង។

រឿង​ទី៤) គីរីវង់ រំកិល​ខ្លួន​ផុត​​តំបន់​ក្រុម​​ដែល​ទាត់​ចូល​ទី​គូ​ប្រកួត​តិច​ជាង​គេ៖ បើ​ទោះ​ជា​គីរីវង់ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ Manuel Retamero នៅ​ចំណាត់​ថ្នាក់​ក្រោម​គេ​មែន ក្នុង​តារាង​រួម​១៣​សប្ដាហ៍​មក ប៉ុន្តែ​ក្រុម​ដែល​ទាត់​ចូលទី​គូ​ប្រកួត​បាន​តិច​ជាង​គេ​មិន​មែន​ក្រុម​មួយ​នេះ​នោះ​ទេ គឺ​ជា​ក្រុម​ណាហ្គាវើល ដែល​កំពុង​ឈរ​នៅ​តំបន់ Top4 ទើប​ទាត់​ចូលទី​គូ​ប្រកួត​បាន​១៤គ្រាប់​ប៉ុណ្ណោះ។


រឿង​ទី៥) គីរវង់សុខសែនជ័យ ជា​ក្រុម​ក្រៅ​តំបន់ Top4 ទី២ ដែល​យក​ឈ្នះ​លើ​ក្រុម Tiffy Army FC៖
សប្ដាហ៍​ទី៣ Tiffy Army FC ០-១ ណាហ្គាវើល
សប្ដាហ៍​ទី៤ Tiffy Army FC ១-៣ ព្រះខ័នរាជស្វាយរៀង
សប្ដាហ៍​ទី៥ អង្គរថាយហ្គឺរ ៥-៤ Tiffy Army FC
សប្ដាហ៍​ទី៦ Tiffy Army FC ០-៣ វិសាខា
សប្ដាហ៍​ទី៩ Tiffy Army FC ៣-៤ បឹងកេត

រូបថត៖គីរីវង់សុខសែនជ័យ

Share.