លោក​ Forrest Li

សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​អាមេរិក​លោក​ Forrest Li ដែល​ជា​ម្ចាស់​ក្លិប​បាល់ទាត់ Lion City Sailors ក្នុង​លីគ​កំពូល​ប្រទេស​សិង្ហបុរី ទទួល​បាន​តំណែង​នៅ​ក្នុង​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​សិង្ហបុរី កាល​ពី​ពេល​ថ្មីៗនេះ។

បុរស​វ័យ​៤០ប្លាយ​រូប​នេះ​ជា​ថៅកែ​ក្រុមហ៊ុន​​អ៊ីធើណែត Sea Ltd ដែល​ត្រូវ​បាន​សារព័ត៌មាន Forbes ស្រាវជ្រាវ​ថា​មាន​ទ្រព្យ​ប្រមាណ​១៣.៧ប៊ីលាន​ដុល្លារ​អាមេរិក។ ការ​ចូលរួម​របស់​លោក​ក្នុង​តំណែង​ក្បាល​ម៉ាស៊ីន កីឡា​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​មាន​«ទស្សនវិស័យ​ខ្ពស់​ដ៏​មាន​​តម្លៃ​ចំពោះ​កីឡា​សិង្ហបុរី»។

ក្រោយ​ទទួល​បាន​តំណែង​លោក Forrest Li បាន​ថ្លែង​ថា៖«ជា​កិត្តយស​របស់​ខ្ញុំ​ដែល​បាន​ចូលរួម​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​សិង្ហបុរី ដែល​យើង​នឹង​ចាប់​ដៃ​គ្នា​គាំទ្រ​អត្តពលិក​ជម្រើស​ជាតិ​យើង និង​សហគមន៍​របស់​យើង»។ លោក​ក៏​មាន​ការ​សាទរ​ពី​សំណាក់​សមាជិក​ចាស់​ថ្មី ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ស្ពាយ​ជោគជ័យ​ពី​ក្លិប​សេដ្ឋី​ម៉ាឡេស៊ី ទៅ​ស្រុក​កំណើត​វិញ

សូម​បញ្ជាក់​ថា​លោក Forrest Li បាន​ទិញ​យក​ក្លិប​បាល់ទាត់ Home United នៅ​ឆ្នាំ​២០២០ ហើយ​ប្តូរ​ឈ្មោះ​ក្លិប​នេះ​ទៅ​ជា Lion City Sailors វិញ ខណៈ​លោក​ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Shopee, Garena និង Loading ជាដើម៕

Telegram-Troryorng
Share.