ខេត្តព្រះសីហនុ÷ ករណីផ្ទុះអាវុធនៅខេត្តព្រះសីហនុ ដែលមានជនជាតិចិន៤នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៩សីហា២០២២ សមត្ថកិច្ចគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាក់ថា ជាអំពើចាប់ជំរិតទារប្រាក់ ក្នុងនោះក្រុមឧក្រិដ្ឋជន៣នាក់បានស្លាប់ ចំណែកជនរងគ្រោះមានគ្នា២នាក់ ក្នុងនោះម្នាក់ត្រូវក្រុមឧក្រិដ្ឋជនបាញ់ស្លាប់នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ និងជនរងគ្រោះម្នាក់ទៀតរបួសធ្ងន់។

នៅរសៀលថ្ងៃទី៩សីហា២០២២ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញពិនិត្យវត្ថុតាងនិងឧបត្ថម្ភថវិកា២០លានរៀលលើកទឹកចិត្តដល់កងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តដែលសហការធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជននេះ។

បើតាមសមត្ថកិច្ចក៏ដូចជាសាក្សីនៅក្នុងហេតុការផ្ទាល់ពេលក្រុមឧក្រិដ្ឋជនចាប់ជំរិតនេះឲ្យដឹងថា ក្រោយបាញ់សម្លាប់ជនរងគ្រោះម្នាក់រួច ក្រុមឧក្រិដ្ឋជនក៏ ឡើងបើករថយន្តរបស់ជនរងគ្រោះម៉ាកឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BA-6111 ដោយចាប់យកជនរងគ្រោះម្នាក់ទៀតទៅជាមួយបើកបរចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចំរុះបានធ្វើប្រតិបត្តិការស្ទាក់ និងតាមប្រមាញ់ដើម្បីឃាត់រថយន្តនេះ ហើយពេលបើករត់មកដល់ចំណុច ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តនេះដែលកំពុងបើករត់គេចក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងមួយដើម ។

ក្រោយការពិនិត្យសមត្ថកិច្ចឲ្យដឹងថា អ្នកជិះក្នុងរថយន្តនេះ៣នាក់បានស្លាប់ ជាក្រុមឧក្រិដ្ឋជន និងម្នាក់ទៀតរងរបួសធ្ងន់ជាជនរងគ្រោះ ហើយនៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF,កាំបិតតូចចុងស្រួចប្រឡាក់ឈាម០១ដើម, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទ÷ក្រុងព្រះសីហនុ

Share.