រាជធានីភ្នំពេញ ៖ កម្មករម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍បាក់ប្លង់សេវេរ៉ង់ដាភូមិគ្រឹះមួយកន្លែង ដែលទើបសាងសង់រួចរាល់ថ្មីៗ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ភិន សារ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជាមេជាងសំណង់ មានលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយកើតហេតុ សមត្ថកិច្ច រួមទាំងអាជ្ញាធរ នាំគ្នាយកគ្រឿងចក្រកកាយយកចេញ និងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តក្រាំងធ្នង់ ដើម្បីប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
អ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹក នៅមុនពេលកើតហេតុ ក្រុមជាងបានចាក់ប្លង់សេពិតានវ៉េរ៉ង់ដានៅមុខភូមិគ្រឹះខាងលើ និងរួចរាល់នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ហើយកម្មកររងគ្រោះកំពុងតែវីបេតុងអោយស្មើរ ស្រាប់តែបា.ក់កាច់ជើងសសរ និងរន្ទា បណ្តាលឱ្យធ្លាក់កម្មកររូបនោះកប់នៅក្នុងបេតុង ដែលទើបចាក់រួច ។ ភ្លាមៗនោះ កម្មករផ្សងទៀត មិនអាចជួយសង្គ្រោះបានឡើយ ក៏បានរាយការណ៍ទៅម្ចាស់ការដ្ឋាន និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរចុះទៅជួយអន្តរាគមន៍។
ការដ្ឋានភូមិគ្រឹះខាងលើនោះ បានដំណើរការសាងសង់ ប្រមាណជាង១ឆ្នាំហើយ ដោយសង់បានគ្រោង និងរៀបឥដ្ឋរួចហើយក៍បានចាក់ពិតានវ៉េរ៉ង់ដានៅផ្នែកខាងមុខ ស្រាប់តែខុសបច្ចេកទេស បណ្តាលអោយបា.ក់ធ្លាក់ពិតានបែបនេះតែម្តង៕