យ៉ាងហោចណាស់មានមនុស្ស០៨នាក់ហើយបានបាត់បង់ជីវិតសង្ស័យបណ្តាលមកពីពុល ស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់ខណៈដែលមានមនុស្ស៧៤នាក់កំពុងត្រូវបានសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តពោធិ៍សាត់បានបញ្ជាឱ្យកម្លាំងនគរបាលចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។

ក្រោយកើតមានហេតុការពុលស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យអ្នកផលិតស្រាសម្នាក់ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំពោះ វត្ថុតាងជាស្រាសដែល ត្រូវបានយកទៅពិនិត្យនៅមន្ទីរពិសោធន៍នោះ មិនទាន់ទទួលបានលទ្ធផលនៅឡើយ៕

Share.