អាជ្ញាធរស្រុកកំរៀងបានបន្តអនុវត្តវិធានការបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នងដោយសាររកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ច្រើននាក់ទៀតនៅក្នុងភូមិសាស្ត្រនេះ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមន្ត្រីសុខាភិបាលប្រចាំមូលដ្ឋានបានស្រាវជ្រាវរកឃើញអ្នកកើតមានជំងឺកូវីដ-១៩ជាបន្តបន្ទាប់កើនដល់ ៥០នាក់ ជាក់ស្តែងនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១នេះ។

បើតាមអាជ្ញាធរ ពេលនេះមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យកំពុងយកវត្ថុសំណាកដើម្បីតេស្តរហ័ស រួមទាំងបន្តស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀតធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូដវីដ១៩នៅក្នុងសហគមន៍។

ប្រភពីពអាជ្ញាធរបានឲ្យដឹងដែរថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីនេះភាគច្រើនជា ពលរដ្ឋធ្វើការងារនៅក្នុងខេត្តប៉ៃលិន។ ក្រោយតំបន់ដែលពួកគេធ្វើការរកឃើញមានករណីវិជ្ជមាន កូវីដ១៩ជាបន្តបន្ទាប់ ពួកគេក៏នាំគ្នាចាកចេញត្រឡប់មកស្រុកកំណើតក្នុងស្រុកកំរៀងវិញ។ពេលនេះអាជ្ញាធរខេត្តបាត់ដំបងបានសម្រេចប្រើវិធានការបន្ទាន់បិទខ្ទប់ផ្ទះរបស់ប្រជាពលរដ្ឋជាង ១០០ខ្នងហើយដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩នេះ៕

Share.