ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ និង បានបញ្ជាឲ្យដកវិធានការប្រឆាំងការរីករាលជាអតិបរមារបស់ខ្លួនដែលបានដាក់កាលពីខែ ឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា ឆ្នាំ ២០២២នេះ។

ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីចំនួននៃការឆ្លងពិតប្រាកដនោះទេ ប៉ុន្ដែចាប់តាំងពីថ្ងៃទី ២៩ ខែ កក្កដា មក រដ្ឋមួយនេះមិនបានរាយការណ៍ពីករណីសង្ស័យថ្មី ជាមួយនឹងអ្វីដែលអង្គការជំនួយអន្តរជាតិនិយាយថា សមត្ថភាពធ្វើតេស្ដនៅមានកម្រិត។

KCNA បានរាយការណ៍ថា អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើងមានចំនួន ៧៤នាក់ ដែលជាអព្ភូតហេតុមិនធ្លាប់មានពីមុនមក បើប្រៀបធៀបនឹងប្រទេសដទៃទៀត។ ខណៈអ្នកជំនាញបាននិយាយថា តួលេខអ្នកឆ្លង និង អ្នកស្លាប់របស់កូរ៉េខាងជើងទំនងជាមិនបង្ហាញជាផ្លូវការនោះទេ។

ការប្រកាសជ័យជន្នះរបស់កូរ៉េខាងជើងកើតឡើង បើទោះបីជាប្រទេសនេះមិនទាន់ត្រូវបានគេដឹងថា មានកម្មវិធីវ៉ាក់សាំងក៏ដោយ។ ផ្ទុយទៅវិញ ប្រទេសនេះនិយាយថា ខ្លួនពឹងផ្អែកលើការបិទខ្ទប់ ការព្យាបាលឱសថក្នុងស្រុក និងអ្វីដែលលោក គីម ហៅថា «ប្រព័ន្ធសង្គមនិយមបែបកូរ៉េដែលមានអត្ថប្រយោជន៍»។

លោក គីម បានបញ្ជាឲ្យដកវិធានការប្រឆាំងនឹងការរាតត្បាតជាអតិបរមា ប៉ុន្ដែបាននិយាយថា កូរ៉េខាងជើងត្រូវរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំ និង ពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។

ប៉ុន្តែសារព័ត៌មានក្នុងស្រុក KCNA បានរាយការណ៍ថា ប្អូនស្រីរបស់លោក គីម គឺ អ្នកស្រី គីម យូជុង បាននិយាយថា មេដឹកនាំកូរ៉េខាងជើងមានចេញរោគសញ្ញាគ្រុនក្ដៅ ហើយបានស្ដីបន្ទោសខិត្តប័ណ្ណមកពីប្រទេសកូរ៉េខាងត្បូងដែលបណ្ដាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនផងដែរ៕

ប្រភព៖ CNA

Share.