ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បានបណ្ដាលឱ្យទឹកទន្លេស្រែពក ជន់ឡើងលើសកម្រិតប្រកាសអាសន្នហើយ។ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ​ កម្ពស់ទឹកទន្លេស្រែពក បានឡើងលើសកម្រិតប្រកាសអាសន្នកំណត់ត្រឹម១២ម៉ែត្រកន្លះ ដល់កម្ពស់ជិត១៣ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយឱ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះថា ការហក់ឡើងនៃទឹកទន្លេស្រែពក បានបង្កជាជំនន់ទឹកភ្លៀងលិចសន្សឹមៗទៅលើភូមិចំនួន១៤ នៃឃុំចំនួន៣ ក្នុងស្រុកលំផាត់ រួមមានឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម។

នៅថ្ងៃទី១០ ខែសីហា រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីជូនដំណឹង ប្រាប់ប្រជាពលរដ្ឋតាមបណ្ដោយដងទន្លេស្រែពក នៃស្រុកលំផាត់ ត្រៀមលក្ខណៈប្រុងប្រយត្នចំពោះការហក់ឡើងនៃទឹកទន្លេបង្កជាជំនន់ ដោយសារឥទ្ធិពលព្យុះមូឡេន។

រដ្ឋបាលខេត្តបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារនិងរក្សាសុវត្ថិភាព ពិសេសចាស់ជរា ជនពិការភាព និងកុមារងាយរងគ្រោះ និងត្រៀមលក្ខណៈដឹកជញ្ជូនសម្ភារៈផ្សេងៗទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់ពេលធ្វើចរាចរណ៍លើផ្លូវជន់លិច៕

Share.