បាត់ដំបង៖ កម្លាំងអាវុធហត្ថចុះឃាត់ខ្លួនមនុស្ស ២នាក់ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់នៅតំបន់ព្រំដែនស្រុកកំរៀង។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នេះបានចុះបង្ក្រាបករណីរក្សាទុក និងចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនមួយករណីដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ២នាក់ជាបន្តបន្ទាប់ត្រង់ចំណុចភូមិកំពង់ចម្លងលើ និងចំណុចភូមិសាមសិប ក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះមុត បូណា ហៅ សុខ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង
និងម្នាក់ទៀតឈ្មោះហួរ ហាក់លី ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយឡែកចំពោះវត្ថុតាងល្មើសច្បាប់ដែលកម្លាំងដកហូតបានក្នុងពេលបង្ក្រាបរួមមាន: ម្ស៉ៅក្រាមពណ៌ សថ្លា ហៅ ម៉ាទឹកកកចំនួន ១១ កញ្ចប់ ទម្ងន់ ១១០៧,៥២ ក្រាម ( ថ្លឹងទាំងសំបក ), រថយន្ត ០១ គ្រឿង ម៉ាកកាម៉ារី ២០០៩ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង ២C-២៧៥៧, ទូរស័ព្ទចំនួន ០២ គ្រឿង និងសម្ភារបម្រើការេចខ្ចប់សារធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្នទាំងជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានកម្លាំងបង្ក្រាបរៀបចំបែបបទបញ្ជូនទៅកាន់ការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖​ ដំបងក្រញូង

Share.