ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា នេះថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកស្រី គីម យូជុង បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្កឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេស ហើយបានព្រមានពី «ការសងសឹក» ខណៈទីក្រុងព្យុងយ៉ាងបានប្រកាសពី «ជ័យជម្នះ» ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវការឆ្លងរាតត្បាតកូវីដ១៩ ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២។

ការព្រមានសងសឹករបស់អ្នកស្រី គីម យូជុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និង ជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកស្រីផ្ទាល់ចោទថា អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនវីរុសកូវីដ១៩ តាមរយៈការបើកដៃឲ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកតាមព្រំដែនប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា អ្នកស្រី គីម យូជុង បានស្ដីបន្ទោសសកម្មភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយនិយាយថា ពួកសកម្មជនទាំងនោះ គឺជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។

អ្នកស្រី គីម យូជុង បាននិយាយថា «យើងមិនអាចនៅស្ងៀម ដោយបណ្ដោយឲ្យសំរាមបន្តហូរ ពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេនៅតែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹក ដ៏សាហាវបំផុត»។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកស្រី គីម យូជុង អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់អ្នកស្រី គីម យូចុង ដែលបានទម្លាក់កំហុសលើខិតប័ណ្ណ ដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាឡុងចូលកូរ៉េខាងជើង ថាជាមូលហេតុនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ទន្ទឹមនោះ នាថ្ងៃដដែលនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង បានបញ្ជាឲ្យលុបចោលវិធានការទប់ស្កាត់នានា ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ៕

ប្រភព៖ CNA

ចុចអាន៖ លោក គីម ជុងអ៊ុន ប្រកាសជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងដែរលោកកំពុងក្ដៅខ្លួន

Share.