នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ័ង ដាវគួង​ (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌​ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ចើញចូលរួមក្នុងការកាត់ខ្សែបូបើកព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២»។

នៅក្នុងនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ចាប់តាំងពីការបង្ហាញខ្លួនរបស់ជម្ងឺកូវីដ-១៩ ប្រជាជនទូទាំងពិភពលោករស់នៅក្នុងភាពភ័យខ្លាចទាំងផ្លូវកាយនិងផ្លូវចិត្ត ជះឥទ្ធិពលរំខានដល់ផ្នែកសេដ្ឋកិច្ចនិងសង្គមគឺមានទំហំធំឥតគណនា ហើយវិស័យទេសចរណ៍ វប្បធម៌ ក៏ត្រូវបានរំខានដោយជម្ងឺកូវីដ-១៩យ៉ាងខ្លាំងក្លាផងដែរ ។ សកម្មភាពវប្បធម៌នានា ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលមិនអាចបង្ហាញបានអស់នូវខ្លឹមសាររបស់ប្រធានបទយ៉ាងបានពេញលេញបានឡើយ។

លោកជំទាវបន្តថា ព្រឹត្តិការណ៍ នារាត្រីនេះ អាចចាត់ទុកថាជាទំព័រថ្មី ដែលកម្ពុជានិងវៀតណាម បានសហការរៀបចំសប្តាហ៍វប្បធម៌ដោយសេរីនិងរីករាយ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជម្ងឺរាតត្បាត។ ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន គឺពុំអាចបំភ្លេចបាននូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំនះរាល់ការលំបាកនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ តាមរយៈនយោបាយវ៉ាក់សាំងទូទាំងប្រទេស។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូន ភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរផងដែរ៕

Share.