រហូតមកដល់រសៀលថ្ងៃទី ០២ខែមិថុនាឆ្នាំ២០២១នេះអាជ្ញាធរស្ថាប័នពាក់ព័ន្ធក្នុងស្រុកក្រគរខេត្តពោធិ៍សាត់បានប្រមូលប្រជាពលរដ្ឋដែលពាក់ពន្ធជាមួយនឹងស្រាសជាង100នាក់ហើយបយកមកសង្គ្រោះពិនិត្យនិងព្យាបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកបន្ទាប់ពីរកឃើញអ្នកស្លាប់ជាបន្តបន្ទាប់ចំនួន 8 នាក់ចាប់តាំងពីចុងខែឧសភាមក។

លោកវេជ្ជបណ្ឌិតណុបសុភិនប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រគរបានបញ្ជាក់ឲ្យដឹងថាប្រជាពលរដ្ឋដែលរងគ្រោះស្លាប់និងកំពុងពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់គឺបានបញ្ជូនមកពីរបីភូមិដែលមានការជាប់ពាក់ព័ន្ធនឹងហូបស្រាស គឺភូមិសានស ភូមិថ្កោលតូចនិងភូមិកំពង់ថ្គោលក្នុងឃុំអន្សាចំបក់ស្រុកក្រគរ។

ពលរដ្ឋដែលត្រូវបានបញ្ជូនមកព្យាបាលនោហ សុទ្ធតែមានអាការៈដូចគ្នាគឺតឹងរួយកញ្ចឹងក ថប់ដង្ហើម ណែនទ្រូងនិងឈឺក្បាល។

លោកពន្យល់ថាអាការៈបែបនេះគឺដោយសារពួកគាត់ហូបស្រាដែលមានមេតាណុលកម្រិតខ្ពស់រហូតដល់មានប្រជាពលរដ្ឋចំនួន 8 នាក់ពុលក្នុងស្ថានភាពធ្ងន់ធ្ងរដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះបានហើយបានស្លាប់ជាបន្តបន្ទាប់។

លោកថាករណីនេះកើតឡើងដំបូងនៅថ្ងៃទី 28 ខែឧសភា។ក្រោយមកពីមួយថ្ងៃទៅមួយថ្ងៃអ្នកដែលមកពិនិត្យនិងព្យាបាលមានចំនួនកាន់តែច្រើនឡើងនិងមានអាការៈដូចគ្នាទើបអាជ្ញាធរសមត្ថកិច្ចនិងក្រុមគ្រូពេទ្យចុះស្រាវជ្រាវទើបដឹងថាពួកគាត់បានហូបស្រាសកំដរពិធីបុណ្យសពដែលម្ចាស់ដើមបុណ្យទិញនៅក្នុងភូមិ។

ពេលនេះ អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងចុះស៊ើបអង្កេតនិងស្រាវជ្រាវបន្តជុំវិញករណីនេះផងដែរ។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 ក្រុមគ្រូពេទ្យបានប្រមូលយកសំណាក់ជនរងគ្រោះទាំងអស់ធ្វើតេស្តរកមេរោគ covid-19ផងដែរ ប៉ុន្តែជាលទ្ធផលគឺបង្ហាញថា អវិជ្ជមាន៕

Share.