នៅរាត្រីថ្ងៃទី ១១ ខែសីហានេះ បេក្ខភាព ឃន់ លីធាន ដែលមានអាយុ ១៩ ឆ្នាំ និងកម្ពស់ ១៨៥ សង់ទីម៉ែត្រជាប្រុសស្អាតមកពីខេត្តមណ្ឌលគិរី បានឈ្នះជ័យលាភីលេខ1 ក្នុងការប្រកួតបុរសឯកកម្ពុជា Mister Cambodia រដូវកាលទី៦ ឆ្នាំ២០២២។ លោក ឃន់ លីធាន នឹងត្រៀមខ្លួនជាបេក្ខភាពតំណាងជាតិកម្ពុជា លើឆាកអន្តរជាតិ Mister International នាពេលខាងមុខនេះ។

បន្ទាប់ពីជាប់ការប្រកួតយប់មិញ​នេះ លោក ឃន់ លីធាន បានរៀបរាប់អារម្មណ៍របស់ខ្លួនថា ៖ «សូមលើកម្រាមដៃទាំងដប់សំពះអរគុណទៅកាន់ពុកម៉ែបងប្អូនមិត្តភក្តិនឹងក្រុមគ្រួសារ​ ដែលតែងតែគាំទ្ររូបខ្ញុំបាទតាំងពីដើមរហូតមកពេលនេះ រូបខ្ញុំបាទពិតជារំភើបជាខ្លាំងដែលទទួលបានជាលាភីលេខ 1 ហើយខ្ញុំក៏អរគុណដល់លោកគ្រូៗ ដែលបានបង្ហាត់បង្រៀនរូបខ្ញុំយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំពិតជាត្រេកអរដែលបានបង្ហាញខ្លួននៅកម្មវិធី Mister Cambodia »។

គួរដឹងបន្ថែមថា កម្មវិធី Mister International គ្រោងនៅធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ នៅលើទឹកដីទីក្រុង មានីឡា ប្រទេសហ្វីលីពីន៕

Share.