នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ គេស្រាប់តែទទួលដំណឹងបានថា លោក កៃដ ដែលជាស្វាមីរបស់អ្នកនាង ស្រេង សុកាន់ដា ហៅស្រីខ្ញុង នៅពេលដែលឈរ Live លក់ផលិតផលសុខៗ ស្រាប់តែគេឃើញលោកមានអាការៈមិនស្រួលដូចមនុស្សលើសឈាម បាត់មាត់បាត់ករ ទាញមុខ វៀចមាត់ ហើយដួលទៅក្រោមបាត់ស្មារតីតែម្ដង។ ហេតុការណ៍នោះ ធ្វើឱ្យអ្នកនាង ខ្ញុង ភ័យស្លន់ស្លោរខ្លាំងមែនទែន រហូតស្រែកឆោឡោឱ្យគ្រប់គ្នាជួយ។

យ៉ាងណាមិញ តាមរយៈវីដេអូនៅក្នុងការ Live នោះ ដំបូងឡើយគេឃើញអ្នកទាំងពីរ នៅនិយាយជូនពរមហាជន និងអ្នកទិញផលិតផលនៅឡើយទេ ក៏ប៉ុន្តែមួយសន្ទុះក្រោយមកក៏ស្រាប់តែលោក កៃដ មានអាការៈដូចរៀបរាប់ខាងលើ ទើបអ្នកនាងខ្ញុងស្រែកខ្លាំងឱ្យអ្នកជុំវិញខ្លួនជួយមកបិទ Live សិន។ ពេលលោក កៃដ កើតអាការៈមិនប្រក្រតីបែបនេះភ្លាមៗ អ្នកនាងខ្ញុងផ្ទាល់ក៏មិនជឿដែរ ព្រោះគិតថា ស្វាមីខ្លួនមានបំណងលេងសើចនឹងខ្លួន ដើម្បីបង្កបរិយាកាសផ្អែមល្ហែម ដូចនឹង Comment របស់អ្នកចូលមើល Live ម្នាក់ដែលនិយាយថា៖ «ប្ដីដាំបាយឱ្យហើយ»។ លុះដល់ឃើញលោក កៃដ កាន់តែស្វាយបបូរ ទើបដឹងថា លោកមិនមែនធ្វើពុតនោះទេ ប៉ុន្តែឡើងឈាមមែនទែន។

បន្ទាប់ពីកើតហេតុភ្លាម អ្នកនាង ខ្ញុងបាននាំស្វាមីទៅសង្គ្រោះប​ន្ទាន់នៅមន្ទីរពេទ្យ ពេលនេះមិនទាន់មានការឆ្លើយតបបំភ្លឺពីអាការរបស់លោក កៃដនៅឡើយទេ ខណៈដែលលេខទូរសព្ទរបស់អ្នកនាងខ្ញុង ខលចូលប៉ុន្តែមិនមានមនុស្សទទួល។ អ្នកនាង ខ្ញុង បានពន្លយសារនៅលើហ្វេសប៊ុកមកខ្លះៗទាំងក្ដីបារម្ភថា ៖ «ប្តូរយកជីវិ.តខ្ញុំក៏ខ្ញុំព្រមដែរ»។ និងបន្តបង្ហោះមួយទៀតថា ៖ «សុំទោសបងប្អូនខ្ញុំមិនបានឆ្លើយអីនៅពេលនេះទេ ព្រោះលូវត្រូវបញ្ចូនគាត់ទៅកាលមែតសិន»។

ដោយឡែក មិនតែមហាជន និងអ្នកគាំទ្ររបស់អ្នកនាង ខ្ញុង ទេដែលព្រួយបារម្ភពីសុវត្ថិភាពរបស់លោក កៃដ គេឃើញបណ្ដាអ្នកសិល្បៈមួយចំនួនទៀត ក៏បានបង្ហាញពីការបារម្ភចំពោះអ្នកនាងខ្ញុង ដោយលើកឡើងថា ៖ «ទុក្ខជាន់ទុក្ខណាស់អូនខ្ញុង អស់ពីរឿងមួយចូលរឿងមួយ  សំខាន់Call អត់ចូលទៀត ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយតាមថែររក្សាប្តីអូនខ្ញុងអោយជៀសផុតពីគ្រោះចង្រៃនេះផងចុះ »។

លុះដល់ព្រឹកថ្ងៃសុក្រនេះ គេបានឃើញអ្នកនាងខ្ញុង បង្ហោះសារជូនដំណឹងមកថា ៖ «លូវប្តីខ្ញុំចេញពីសង្គោះបន្ទាន់ហើយ អគុណសម្រាប់ការបារម្ភនឹងសួរសុខទុក្ខ ព័ត៌មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតលូវគាត់នៅកាលម៉ែត រង់ចាំលិទ្ធផលស្គែនខួរក្បាលម្តងទៀតសិន សូមអគុណ»។ យ៉ាងណាមិញ ត្រយង សូមបួងទេវតាឱ្យជួយតាមថែរក្សាលោក កៃដ ផងចុះ។ ប្រសិនមានដំណឹងបន្ថែម ត្រយងនឹងផ្សាយជូនជាបន្តបន្ទាប់៕

Share.