ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E9659 ឆ្លងផ្លូវបម្រុងបត់ចូលវត្តសំរោងអណ្ដែត ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តសណ្ដោងរ៉ឺម៉កធុនធំមួយគ្រឿងកន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-2058 ក្បាលពាក់ស្លាកលេខភ្នំពេញ 3D-9165 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង មកបុកបណ្ដាលឲ្យម៉ូតូដួលរួចរថយន្ដកិនពីលើ បណ្ដាលអោយម៉ូតូរងការខូចខាតខ្ទេចខ្ទី។ ឯអ្នកបើកបរម៉ូតូរបួសធ្ងន់បាក់ជើងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 12:30 យប់រំលងអធ្រាត្រឈានចូលថ្ងៃទី 12 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួចនាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.