តាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្តីរងរបទសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចសុីសបើកលឿនជ្រុលបុកពីក្រោយគោយន្តកន្ត្រៃ ផ្លោងខ្ទាតធ្លាក់ចូលប្រឡាយ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ១២៩បេ ភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ សូ ឆាន់ អាយុ៥១ឆ្នាំ មុខរបរកសិករ។ ចំណែកប្តីរងរបួសធ្ងន់ ឈ្មោះ នូ ឃន អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តបង្កម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-4203 បើកដោយឈ្មោះ ហេង ប៊ុនលាភ ភេទប្រុស អាយុ៤៥ឆ្នាំ ក្នុងសភាពស្រវឹង បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលបុកពីក្រោយគោយន្តកន្ត្រៃ ផ្លោងខ្ទាតធ្លាក់ចូលប្រឡាយ បណ្តាលឲ្យស្លាប់ប្រពន្ធ រងរបួសធ្ងន់ប្តី ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កផង ត្រូវបាននាំទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.