ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធជិះឌុបគ្នាវិលមកពីស្រុក ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមតាមផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលដឹកបញ្ជូនទៅគ្លីនិក ចំណែកប្រពន្ធរងរបួសស្រាល ម៉ូតូខ្ទេចមួយកំណាត់មុខ ចំណែករថយន្តកុងតឺន័របើករត់គេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចមុខឃ្លាំងអីវ៉ាន់ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ ផៃ សុីថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្តី រងរបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលដឹកបញ្ជូនទៅគ្លីនិក ។ ចំណែកប្រពន្ធឈ្មោះ ប៉ែន សុភឿន អាយុ៣៧ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ រងរបួសស្រាល ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិព្រៃក្តី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-1845 មានទាំងអីវ៉ាន់ផង ធ្វើដំណើរចេញពីស្រុក ឌុបគ្នាឆ្ពោះទៅផ្ទះជួល តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។លុះដល់ចំណុចកើតហេតុ មិនបានចាប់អារម្មណ៍ វ៉ាក់អើ គេចមិនទាន់ បុកពីក្រោយរថយន្តធុនធំ កុងតឺន័រ ឈប់ចតតាមផ្លូវ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សឹងតែរាល់យប់ ថ្ងៃទៅហើយ ឃើញមានរថយន្តដឹកទំនិញ រថយន្តកុងតឺន័រ ចតឈប់តាមផ្លូវជាតិលេខ៣ ចំណុចខាងលើ បង្កគ្រោះថ្នាក់ញឹកញាប់ មកដល់ពេលនេះ មានម៉ូតូបើកបុកពីក្រោយ បណ្តាលឲ្យមានអ្នកស្លាប់ ហើយរថយន្តបើករត់គេចទៅបាត់ ។

ប្រភពបន្តទៀតថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាពីត្បូងទៅជើង មើលមិនទាន់ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ ស្រាលម្នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនមួយ ដឹកយកទៅ ហើយបានស្លាប់។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវ ជុំវិញករណីបុកស្លាប់ខាងលើ៕

អត្ថបទ៖តាតុង សែនជ័យ

Share.