អាជ្ញាធរអេហ្ស៊ីបបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និង ៤៥នាក់ទៀតរងរបួសនៅក្នុងគ្រោះអគ្គីភ័យដែលបង្កឡើងដោយការទុស្សេចរន្ដអគ្គិសនីអំឡុងពិធីបុណ្យបូជានៅឯព្រះវិហារគ្រិស្ដសាសនា ខបទិក (Coptic) ក្នុងទីក្រុង គីហ្សា (Giza) នៃប្រទេសអេហ្ស៊ីប កាលពីថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ប្រភពសន្ដិសុខចំនួន ២ បាននិយាយថា ភ្លើងបានឆាបឆេះឡើងនៅមុនម៉ោង ៩ព្រឹក នៅពេលដែលមនុស្ស ៥,០០០នាក់ បានប្រមូលផ្ដុំគ្នាសម្រាប់អភិបូជានៅ​ឯព្រះវិហារ អាប៊ូ ស៊ីហ្វីន (Abu Sifin) ក្នុងសង្កាត់ អ៉ីមបាបា (Imbaba) នៃទីក្រុង គីហ្សា (Giza) ដែលជាទីក្រុងធំទី២ របស់អេហ្ស៊ីប ស្ថិតនៅជ្រុងម្ខាងនៃទន្លេនីល ពីក្រុង គែរ (Cairo)។

អគ្គីភ័យបានបិទច្រកចូលព្រះវិហារបណ្ដាលឲ្យមានការរត់ជាន់គ្នា ដោយពួកគេបានបន្ថែមថា ភាគច្រើននៃអ្នកស្លាប់គឺជា កុមារ។

លោក យ៉ាសើ ម៉ូនើ (Yasir Munir) ដែលជាអ្នកថ្វាយបង្គំនៅព្រះវិហារបាននិយាយថា «មនុស្សកំពុងប្រមូលផ្ដុំគ្នានៅជាន់ទី៣ និង ទី៤ ហើយយើងឃើញផ្សែងហុយចេញពីជាន់ទី២។ បន្ទាប់មកយើងបានឮសំឡេងផ្ទុះឆេះចេញតាមបង្អួច» ប៉ុន្ដែសំណាងល្អលោក នឹង កូនស្រី នៅជាន់ផ្ទាល់ដីនៃព្រះវិហារបានរត់ចេញ ដោយសុវត្ថិភាព។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបាននិយាយថា ការពិនិត្យកោសល្យវិច្ច័យបានបង្ហាញថា ភ្លើងបានចាប់ផ្ដើមឆេះចេញពីម៉ាស៊ីនត្រជាក់នៅជាន់ទី២ របស់ព្រះវិហារ។

សូមជម្រាបថា អគ្គីភ័យប្រភេទនេះមិនមែនជាករណីដ៏កម្រនៅក្នុងប្រទេសអេហ្ស៊ីបទេ។ នៅចុងឆ្នាំ ២០២០ មានអគ្គីភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺ កូវីដ១៩ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និង ជាច្រើននាក់ទៀតរងរបួស៕

ប្រភព៖ CNA

Share.