ស្នាដៃរឿងភាគបុរាណខ្មែរថ្មីសន្លាងរបស់លោក ខាំភូរិ ដែលមានចំណងជើងថា «​ ខោល» គ្រោងនឹងចាក់បញ្ចាំងនៅលើទូរទស្សន៍ហង្សមាសនាពេលឆាប់ៗខាងមុខនេះ។ ក៏ប៉ុន្តែជាបញ្ហានៅពេលនេះគឺ ភាពយន្តបុរាណថៃ «បុព្វេសន្និវាស ២» ក៏កំពុងតែអុកឡុកចិត្តមហាជនខ្មែរមួយចំនួន និងកំពុងតែវាយលុកទីផ្សារភាពយន្តរោងកុនខ្មែរដូចគ្នា រហូតដល់មានម្នាក់ហ៊ានចោលសំណួរទៅលោក ខាំ ភូរិ ថា មូលហេតុអ្វីលោកហ៊ានផ្សាយរឿងនៅពេលនេះ ចំពេលជល់គ្នាជាមួយរឿងបុរាណថៃដែរ?

ជុំវិញបញ្ហានេះ លោក ខាំ ភូរិ ដែលអ្នកដឹកនាំដែលប្រកាន់ភ្ជាប់ទំនៀមទំលាប់វប្បធម៌ខ្មែរជាចំបង បានឆ្លើយតបចំពោះសំណួរថា ៖ « មូលហេតុអ្វីទើបលោកហ៊ានផ្សាយរឿងនៅពេលនេះ ចំពេលដែលរឿងដ៏ល្បីថៃមួយរឿងបានបញ្ចាំងនៅរោងភាពយន្តផងដែរ?»  ។

លោកថា ៖ «ចម្លើយខ្ញុំនេះគឺជាផែនការក្រុមហ៊ុន ហើយខ្ញុំក៏មិនបានដឹងថារឿងដ៏ល្បីនេះបញ្ចាំងនៅពេលណាដែរ។ តែជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ ខ្ញុំពុំដែលបានយកខ្លួនឯងទៅប្រៀបធៀបនឹងនរណាម្នាក់ទេ ហើយក៏រឹតតែពុំអាចប្រៀបធៀបជាមួយប្រទេសថៃ ដែលវិស័យភាពយន្តគេមានការរីកចម្រើនខ្លាំង និងបានក្លាយទៅជាឧស្សាហកម្មភាពយន្តទៅហើយដែរ។ យើងត្រូវការពេលវេលាច្រើនទៀត ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ក្លាយជាអ្នកប្រកួតប្រជែងថ្មីដ៏មានសក្តានុពល។ យើងមានដូនតាជាអ្នកកសាងអង្គរ យើងហ៊ាននិយាយពាក្យនេះដោយមានមោទនភាព តែយើងត្រូវហ៊ាននិយាយថាយើងនៅដើរក្រោយស្រមោលគេច្រើនណាស់ក្នុងវិស័យមួយនេះ។»

លោក ខាំ ភូរិ ថា យើងមានព្រលឹងជាជាតិសាសន៍មួយអស្ចារ្យ តែយើងមានដងខ្លួនទន់ខ្សោយមួយ ក្រោយឆ្លងកាត់សង្គ្រាមជិត៥០០ឆ្នាំ។ យើងបាត់បង់ឯកសារ យើងលែងបានបង្កើតអ្វីដែលថ្មីៗ យើងបែកបាក់សាមគ្គីភាព អ្នកចេះរស់ដោយអ្នកចេះ អ្នកមិនចេះតាំងខ្លួនជាអ្នកចេះ យើងមិនសូវបានរួបរួមគ្នា បង្កើតអ្វីដែរជាខ្មែរ។ លោកជឿថាព្រលឹងស្នាដៃដូនតាខ្មែរ នៅតែអស្ចារ្យ និងតាមការពារជាតិខ្មែរជារៀងរហូត។ នេះតាមសម្ដីរបស់លោកបានបកស្រាយនៅលើបណ្ដាញសង្គមផ្ទាល់។

គួរសម្គាល់ដែរថា បើទោះបីជាភាពយន្តបុរាណថៃដែលប្រឹងប្រែងវាយលុករោងកុនខ្មែរយ៉ាងណាក៏ដោយ តែនៅលើបណ្ដាញសង្គមក៏មានមតិខ្លះបានបង្ហោះឡើង និងអំពាវនាវឱ្យមហាជនកុំចូលរួមទស្សនា ឬលើកស្ទួយភាពយន្ត នោះក៏ព្រោះថា បញ្ហាដានប្រវត្តិសាស្ត្រដែលភាពយន្តនោះបានបំភ្លៃ។ ទន្ទឹងគ្នានោះដែរ ភាពយន្តខ្មែរមួយរឿងដែលក៏កំពុងតែទទួលបានការគាំទ្រស្របគ្នានេះ គឺរឿង «លោកប៉ាមហាកូរ » ដែលមានអ្នកណែនាំតៗគ្នាឱ្យទៅទស្សនានៅរោងភាពយន្ត ដោយសារតែរឿងនេះ កំប្លែងសើចមិនចាញ់រឿងបរទេសឡើយ។

សូមជម្រាបជូនដែរថា រឿងភាគបុរាណដឹកនាំសម្ដែងដោយលោក ខាំភូរិ មានការចូលរួមសម្ដែងដោយតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដូចជា លោក​ ហ្សូណូ កញ្ញា មាន សូនីតា កញ្ញា កែវ សុបញ្ញា លោក Berry និងតារាកិត្តិយសជាច្រើនរូបទៀត៕

Share.