កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យយោធាចំនួន២បន្ថែមទៀតរវាងក្រសួងការពារជាតិកម្ពុជា និងចិន នឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២២នេះ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។

កិច្ចព្រមព្រៀងថ្មីទាំង២ក្នុងវិស័យយោធាកម្ពុជា ចិន ដែលត្រូវចុះហត្ថលេខានោះ រួមមាន កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋរចនាសម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន ការចុះហត្ថលេខាសហប្រតបត្តិការវិស័យយោធាបន្ថែមទៀតរវាងប្រទេសទាំងពីរ នឹងធ្វើឡើងខណៈសម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងកម្ពុជា និងចិន បានក្លាយជាបន្លាក្នុងភ្នែកសហរដ្ឋអាមេរិក ដ្បិតប្រទេសលោកខាងលិចមួយនេះ ចេះតែបង្ហាញការកើតទុកមិនសុខចិត្ត និងបំពងសំឡេងចោទកម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយថារដ្ឋអាស៊ីអាគ្នេយ៍មួយនេះបានផ្ដល់លទ្ធភាពឱ្យចិនប្រជាមានិតពង្រីកឥទ្ធិពលយោធាក្នុងតំបន់តាមរយៈការជួយអភិវឌ្ឍមូលដ្ឋានទ័ពសមុទ្ររាម និងការអភិវឌ្ឍព្រលានយន្តហោះខេត្តកោះកុងនៃតំបន់ភាគនិរតីប្រទេសកម្ពុជា។

មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអះអាងថាកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ថាពិតជាមានសារសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាពនាយ ទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ៕

Share.