ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឡោមព័ទ្ធចាប់ស្វាគមន៍ ដៃនិងជើង ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្រុម៥ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់មាន ឈ្មោះ ជិន សុវណ្ណារ៉ា ហៅ សុខ លាង ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកហាង ស្នាក់ នៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មាន ស្រុក កំណើត នៅ ភូមិហាន់ជ័យ១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។ ចំណែកបក្ខពួកម្នាក់ទៀតរត់បាត់ មានឈ្មោះ សំណាង ភេទប្រុស អាយុជាង៣០ឆ្នាំ ធ្វើការជាមួយគ្នា ។ រីឯជនរងគ្រោះឈ្មោះ ស៊ុម ប៊ុនធួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-3861 ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង២និង៤០នាទីអធ្រាត្រចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូទៅបន្ទប់ជួលរបស់មិត្តស្រី ដោយចតទុកម៉ូតូដាក់នៅខាងមុខ ស្រាប់តែនៅវេលាម៉ោង៣ទៀបភ្លឺ ឃើញជនសង្ស័យគ្នា២នាក់ ជិះម៉ូតូ ម៉ាកអាយខន ជិះក្រឡឹង២ទៅ៣ត្រឡប់រួច ម្នាក់ចុះទៅធ្វើសកម្មភាពលួចម៉ូតូ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាងចេញមក ឡោមព័ទ្ធចាប់បានម្នាក់ ស្វាគមន៍ចាស់ដៃ រងរបួសធ្ងន់ រួចប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតគេចខ្លួនបាត់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.