ភ្នំពេញ៖ បុរស២នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីនាំគ្នាផឹកសុីបង្កជម្លោះ ឃាត់មិនស្តាប់ រត់ទៅយកកាំភ្លើងមកបាញ់ឡើងលើ៥គ្រាប់ ក្នុងបំណងសម្លុតឲ្យគេឈប់ឈ្លោះគ្នា តែបែជាបង្កឲ្យផ្អើលឆោឡោ ដល់អ្នកភូមិ សមត្ថកិច្ច ចុះទៅឃាត់បានទាំង២នាក់ ដកហូតបានអាវុធខ្លី២ដើម ចំណែកឯម្ចាស់កាំភ្លើងរត់គេចខ្លួនបាត់។

 ករណីនេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងការដ្ឋានសួនដើមឈើមួយកន្លែង ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់សមត្ថកិច្ចឃាត់ខ្លួនបាន ៖ ទី១ ឈ្មោះ ប៉ូ សុីផា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ សួនដើមឈើ ស្នាក់នៅក្នុងកាដ្ឋាន មានស្រុកកំណើត សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ទី២ ឈ្មោះ លៀន ចាន់ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខកម្មករថែសួន ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ដោយឡែកម្ចាស់អាវុធខ្លី ទាំង២ដើម គ្រាន់តែស្គាល់ឈ្មោះ ដូច ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមេការគ្រប់គ្រងទីតាំងខាងលើ  បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ទាំងមេការ ទាំងកម្មករ សរុបគ្នា៦នាក់ បានសុីផឹកស្រាបៀរអស់៣កេស លុះដល់ស្រវឹងរៀងខ្លួន មានកម្មករ២នាក់បងប្អូនបានឈ្លោះប្រកែកគ្នា ប្រតាយប្រតប់គ្នា ហើយត្រូវបានមេការឈ្មោះ ដូច បានចូលឃាត់ គាប់ជួនត្រូវមួយដៃ ដួលសន្លប់ ម្យ៉ាងស្រវឹងផង លុះងើបមកវិញ ខឹងឃាត់២នាក់បងប្អូនឈ្លោះគ្នាមិនស្តាប់ ស្ទុះទៅយកអាវុធ បំណងបាញ់សម្លុត ឲ្យឈប់ឈ្លោះគ្នា ក៏ប៉ុន្តែត្រូវបានជនសង្ស័យទាំង២នាក់ខាងលើ រត់ទៅតាមដណ្តើមយកអាវុធបានម្នាក់មួយដើម មកបាញ់ម្នាក់អស់៣គ្រាប់ ម្នាក់អស់២គ្រាប់ សរុប៥គ្រាប់ បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋក្នុងភូមិ សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកបាញ់២នាក់ ដកហូតបានអាវុធខ្លី២ដើម ចំណែកមេការ ជាម្ចាស់អាវុធ ដឹងថាមិនស្រួល បាត់រត់គេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ២នាក់ផ្ទុះអាវុធ សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់អាវុធ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.