ណ្តាល ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងសភាពខ្ទេចក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័របុកកិនម៉ូតូហុងដាBeat កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ២ ចំណុចភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះស្លាប់មាន ឈ្មោះ ម៉ុង ចែម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាBeat ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-6207 ឌុបនារីម្នាក់ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងតែមិនផុត ត្រូវបាន
រថយន្តបង្កកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3F-1855 បើកស្របទិសបុកកិន
បណ្តាលឲ្យស្លាប់ម្នាក់បែកក្បាលខ្ទេច នារីម្នាក់រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ចំណែកមធ្យោបាយទាំង២ត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.