កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤ ខែ​សីហា​ ​តារា​ចម្រៀង​ ទេព បូព្រឹក្ស​ បាន​ប្រារព្ធ​កម្មវិធី​ Tep Boprek Fan Meeting ព្រម​ទាំង​បង្ហាញ​ MV បទ​ចម្រៀង​ចេញ​ថ្មី​សន្លាង «ONE MORE» ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះផងដែរ​។

នៅ​ក្នុង​ព្រឹត្តិការណ៍ប្រគំ​តន្ត្រី​​នេះ​ អ្នក​គាំទ្រ​របស់​កញ្ញា​ដែល​ភាគ​ច្រើន​សុទ្ធសឹង​ជា​យុវវ័យ​ បាន​សំរុក​មក​តម្រង់​ជួរ​ណែន​ណាន់លើ ផ្សារ​ទំនើប​អ៊ីអន ​សែន​សុខ​ ដើម្បី​តម្រង់​ជួរ​ចាំ​ចូល​ទៅ ​ទស្សនា​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​របស់​ Idol ដែល​ខ្លួនស្រលាញ់​។

ពិត​ណាស់​បទ​ចម្រៀង​ដែល​សាង​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​តន្ត្រី​របស់​កញ្ញា​ ទេព បូព្រឹក្ស​ គឺ​បទ​ «Top Of The Lady» ត្រូវ​បាន​កំពូល​តារា​ចម្រៀង​និយម​លេង​ស្ដាលយ៍​សម្លៀក​បំពាក់ប្រេនៗរូប​នេះ​​លើក​យក​មក​ច្រៀង​និង​សម្ដែង​មុន​គេ​។

គ្រាន់​តែ​តន្ត្រី​ប្រគំ​បន្លឺឡើង ភ្លើង​ពណ៌​ភ្លឹបភ្លែត ​អម​ផ្សំ​នឹង​ឈុតឆាក​សម្ដែង​របស់​សិល្បករ​បុរាណ ការ​ច្រៀង​និង​ការ​សម្ដែង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​កញ្ញា​​ ទេព បូព្រឹក្ស និង ​ក្រុម​រាំ​ បាន​ធ្វើ​ឱ្យ​​សិល្បៈ​បុរាណ​លាយ​​សិល្បៈ​សម័យ​ដ៏​​វិសេសវិសាលនេះ​ក្លាយ​ជា​ផ្ទាំង​ទស្សនីយ​ភាពប្លែក​អស្ចារ្យ​មួយ​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់​ស្រែក​ហោរ​កង​​រំពង​ឆាក​។ ជាមួយ​នឹង​ក្ដី​ស្រលាញ់​ពេញ​ប្រៀប​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​ខ្លួន​នេះ​ហើយ​ ទើប​ស្រីស្អាត​រូប​នេះ​រំភើប​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ជា​លើក​ទីពីរ​នៅ​លើ​ឆាក​។

បទ​ចម្រៀង​ល្បីៗ​ដែល​កញ្ញា​លើក​យក​មក​ច្រៀង​កំដរ​អារម្មណ៍​អ្នក​គាំទ្រ​សុទ្ធតែ​ជា​បទ​ល្បី​ៗ​ រួមផ្សំ​នឹង​ការ​តុបតែង​ខ្លួន​បែប​ Fashion ឡូយ​កប់​ទៀត​នោះ​ បាន​ធ្វើ​​ឱ្យ​ការ​ប្រគំតន្ត្រី​មួយ​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។

កម្មវិធី​នេះមាន​​ឈ្មោះ​ថា​កម្មវិធី​ជួប​ជុំ​ក្រុម​អ្នក​គាំទ្រ​កញ្ញា ​ទេព បូព្រឹក្ស ដូច្នេះ​រឿង​អី​ដែល​ហ្វេន​មិន​មាន​វត្តមាន​លើ​ឆាក​កើត​នោះ​។ ហ្វេន​ចំនួន​៣​រូប​បាន​មាន​ឱកាស​ឡើង​លើ​ឆាក​និយាយ​ពី​ចំណាប់​អារម្មណ៍​ខ្លួនចំពោះ​ ​កញ្ញា​ បូព្រឹក្ស ហ្វេនៗ​បាន​រំលឹក​ដល់​ការ​តស៊ូ​ជម្នះ​ឧបសគ្គ​ដែល​កញ្ញា​ត្រូវ​ឆ្លងកាត់​កន្លងមក​ទម្រាំ​មក​ដល់​ចំណុច​កំពូល​ មាន​ហ្វេន​ខ្លះ​និយាយ​ផង​យំផង​និយាយ​ថា​ខ្លួន​មិន​នឹង​ស្មានទេ​ថា​អាច​មក​​ឡើង​លើ​ឆាក​ជួប​ផ្ទាល់​នឹង​អាយដល​របស់​ខ្លួន​នោះ​ទេ​ ព្រោះ​ខ្លួន​រស់​នៅ​ខេត្ត​ឯណោះតែពេល​នេះ​សុបិន​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​​។

មុន​នឹង​ត្រូវ​ កញ្ញា ទេព បូព្រឹក្ស លើក​មក​ច្រៀង​និង​សម្ដែង​លើឆាក​ MV បទ​ថ្មី​« One More»  ត្រូវបាន​ចាក់​បង្ហាញ​លើ​ផ្ទាំង​ LED ។​ ​​បទ​នេះ​គឺជាបទ​ចម្រៀង​មួយ​ដ៏​អស្ចារ្យ​បំផុត​ អាច​​និយាយ​បាន​ថា​ជា​បទ​ចម្រៀង​មាន​គុណភាព​​ស្ដង់​ដារ​កម្រិត​អន្តរជាតិ​ ទាំង​ចង្វាក់​តន្ត្រី​ ទាំង​គុណភាព​វីដេអូ ​និង​ការ​តុបតែង​ Prop នៅ​ក្នុង​ឆាក គឺគ្មាន​ចំណុច​ខ្វះ​ចន្លោះ​ត្រង់​ណានោះ​ឡើយ គឺ​ស័ក្ដិសម​នឹងតម្លៃ​នៃ​​ការ​រង់​ចាំ​របស់​អ្នក​គាំទ្រ​​មែន។

ទីបំផុត​ពេលវេលា​ដែល​អ្នក​គាំទ្រ​ទន្ទឹងរង់ចាំ​បាន​មក​ដល់ កញ្ញា​ ទេព បូព្រឹក្ស បាន​ស្លៀក​ឈុត​និង​តុបតែង​ខ្លួន​ដូច​ក្នុង​ MVឡើង​មក​លោត​ រាំ​ច្រៀង​ ពត់ពែន​ទៅ​តាម​ចង្វាក់​តន្ត្រី​ធ្វើ​ឱ្យ​បទ​ថ្មី​នេះ​​កាន់​តែ​មាន​ភាព​រស់​រវើកហើយ​ទទួល​បាន​សំឡេង​ស្រែក​ហោរ​និង​ហៅ​ឈ្មោះ​កញ្ញា​លាន់​ឮ​កក្រើក​ឆាក​។

ឆ្នាំ​នេះ​​ចាត់​ទុក​ថា​ជា​ឆ្នាំមាស​ឆ្នាំ​ពេជ្រ របស់​ម្ចាស់​បទ​ «Top of The Lady» ព្រោះលទ្ធផល​នៃការ​​ព្យាយាម​ចំណាយ​ទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ធ្វើ​យ៉ាង​ណា​ នាំ​យក​ទាំង​តន្ត្រី​និង​វប្បធម៌ របស់​ខ្មែរ​ចូល​ទៅ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិរបស់កំពូល​វីរនារី​រូប​នេះ​​បាន​លេច​ចេញ​ជា​រូបរាង​និង​ផ្លែផ្កា​គួរ​ជា​ទីមោនៈ​៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.