បាត់ដំបង៖ បុរស២នាក់ ផឹកស្រាស្រវឹងនាំគ្នាទៅដាក់មងរកត្រី ចៃដន្យបានធ្លាក់ចូលទឹកកំពុងជន់ហូរខ្លាំង បណ្តាលឲ្យលង់ស្លាប់ម្នាក់។

ករណីមនុស្សលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ១០:២០នាទីយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចទំនប់មេម៉ាយ ស្ថិតក្នុងភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះឈ្មោះឈឿត ឆាយ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅក្បែរទីតាំងកើតហេតុ។ តាមប្រព័ត៌មានបានឲ្យដឹងថា​ នៅយប់កើតហេតុ ក្រោយផឹកស្រវឹងជោកជាំ ជនរងគ្រោះបានបបួលប្អូនថ្លៃជីដូនមួយឈ្មោះអឿន សំអុល ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលផឹកជាមួយគ្នាទៅដាក់មងនៅចំណុច កើតហេតុខាងលើ លុះជិះម៉ូតូទៅដល់ឈ្មោះអឿន សំអុល បានឲ្យជនរងគ្រោះឈរចាំនៅមាត់ប្រឡាយ រួចគាត់បានហែលទឹកឆ្លងប្រឡាយទៅត្រើយម្ខាងទៀត ពេលកំពុងរាយមងបានមួយសន្ទុះគាត់ក៏បានលឺសម្លេងធ្លាក់ទឹកព្រោង ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ ក្រោយមកបន្តិចគាត់បានស្រែកហៅឈ្មោះឈឿត ឆាយ ជាជនរងគ្រោះតែមិនបានលឺឆ្លើយតប ភ្លាមនោះគាត់បានឃើញការុងអណ្តែតក៏ចាប់ផ្តើមសង្ស័យ ហើយបានស្រែកហៅបងប្អូនឲ្យជួយជ្រមុជរាវរករហូតប្រទះឃើញសាកសពជនរងគ្រោះ។

ក្រោយកើតហេតុកម្លាំងផ្នែកជំនាញ ក៏ដូចជា ក្រុមគ្រូពេទ្យបានចុះពិនិត្យសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនហើយបានប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.