នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក មិត្ត សំអែល អតីតគ្រូបង្ហាត់ក្លិបបាល់ទាត់គ្រុឌបៃតង ចាប់ពីឆ្នាំ ១៩៩៧-២០០៧ ដែលបច្ចុប្បន្នក្លិបបានប្តូរឈ្មោះមកជា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។

លោក​​ មិត្ត ​សំអែល ​គឺ​ជាអតីត​កីឡាករ​ក្រសួង​ការពារ​ជាតិ និង ​​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ជម្រើស​ជាតិ​​ទាំង​ឡាយ​​នា​ទសវត្សរ៍ឆ្នាំ​ ៦០​ និង ៧០។ ចន្លោះ​​ពេល​​​ជាប់​ជម្រើស​ជាតិ​​ពី​ឆ្នាំ​១៩៦៧​ ដល់ ១៩៧០ ​លោក​ជា​​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ពូកែ​តែត​បញ្ចូល​ទី​ ពិសេស​ពេល​ណា​បាល់​​បោះ​ចេញ​ពី​ជ្រុង។

​អាជីព​ជា​គ្រូ​បង្វឹក​​និង​ដឹក​នាំ
– ក្រោយ​ឆ្នាំ​ ១៩៧៩ លោក ​​មិត្ត សំអែល​ ​ក្លាយ​ជា​​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​​​នាយកដ្ឋាន​អបរំ​​កាយ ​និង កីឡា​រាជធានី​ភ្នំពេញ
– ​ឆ្នាំ​១៩៨៤-១៩៨៥ ​ជា​គ្រូ​បង្វឹក​​​នៅ​សាលា​ទ័ព​ជើង​គោក​ចម្រុះ
– ​​ឆ្នាំ​​ ១៩៨៥-១៩៨៦ ជា​គ្រូ​បង្វឹក​ក្រុម​អាកាសចរ​យោធា​ពោធិចិនតុង
– ​ឆ្នាំ​​១៩៨៧-១៩៨៨​ ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​​របស់​ខណ្ឌ​ ៧​មករា
– ឆ្នាំ​១៩៨៩-១៩៩២​ ​ជា​គ្រូ​បង្វឹក​ យោធា​ភូមិ​ភាគ​ប្រាំ
– ​ឆ្នាំ​១៩៩៣-១៩៩៧​ ជា​គ្រូ​កីឡា​បាល់ទាត់​ពិភព​​ពាណិជ្ជ ​​(U13-U15)​​ ​និង​ជា​ស្ថាបនិក​មួយ​រូប​ដែល​ធ្វើ​ឲ្យ​បាល់ទាត់​​ខ្មែរ​រស់​ឡើង​វិញ​រួម​ទាំង​ការ​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​​ក្មេង​ជា​ច្រើន​​នាក់
– ​ឆ្នាំ​១៩៩៨ ​លោក​បាន​​បង្ហាត់​ និង​ដឹក​នាំ​​ក្រុម​យុវជន​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​នៅ​សិង្ហបុរី
– ​ឆ្នាំ​​១៩៩៩-២០០៨ ​លោក​បាន​ប្រមូល​កីឡាករ​មួយ​ចំនួន​ដែល​លោក​ធ្លាប់​បណ្ដុះបណ្ដាល​ឲ្យ​ទៅ​ចូល​រួម​​នៅ​ក្លិប​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ (PM)​ ឬ​​ស្វាយ​រៀង​ពេល​បច្ចុប្បន្ន។

ការ​បណ្ដុះបណ្ដាល​កីឡាករ
– ចាប់ពីឆ្នាំ ​១៩៧៩​ លោក​ មិត្ត សំអែល ​​គឺ​ជា​អ្នក​ធ្វើ​​ឲ្យ​​បាល់ទាត់​ខ្មែរ​មាន​ពន្លឺ​ឡើង​វិញ​ បន្ទាប់ សម័យ​ប៉ុលពត​ បាន​បញ្ចប់។ ​កីឡាករ​ដែល​លោក​ធ្លាប់​បង្ហាត់​ និង បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ដៃ​មាន​ដូច​ជា រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា​ ជា​ដើម។

ពោលគឺលោក មិត្ត សំអែល ​​គឺ​ជា​ស្ថាបនិក​មួយ​រូប​​ដែល​បាន​​រៀប​ចំបណ្តុះបណ្តាលដល់ថ្នាលយុវជនជាច្រើនឡើង​វិញ​ក្នុង​ឆ្នាំ​​១៩៩៧​ បន្ទាប់​​ពី​ក្រុម​បាល់ទាត់​​ខ្មែរ​ដ៏​លេច​ធ្លោ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​សង្គ្រាម៕

Share.