លោក​ឧកញ៉ា ទុំ សារុត ហៅ​នាយឃ្លោក បាន​ដក​ឃ្លា​ចេញ​ពី​សិល្បៈ​មួយរយៈ​ធំ​ ហើយ​ផ្តោត​តែ​លើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ស្ដាយ​សមត្ថភាព​របស់​តារា​កំប្លែងជើងចាស់​នេះ​ជា​ពន់ពេក។

យ៉ាង​ណា​មិញ​អ្នក​គាំទ្រ​ដែល​តែងតែនឹក​រលឹក​ដល់​ការ​សម្ដែង​កំប្លែង​របស់​នាយ​ឃ្លោក ប្រហែល​ជា​បាត់​នឹក​ខ្លះ​ហើយ ព្រោះ​កាល​ពី​ពេល​ថ្មីៗនេះ​លោក​ទើប​តែ​ចេញ​បទ​ចម្រៀង​ថ្មីមាន​ចំណង​ជើង​ថា​ «ចង់​ល្បី​» ដែល​ពេល​នេះកំពុង​តែ​ទាញ​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​។

បទ​ចម្រៀង​ចង់​ល្បី​ទើប​តែ​ចេញ​បាន​ត្រឹម ​៤​ថ្ងៃ​ប៉ុណ្ណោះ​ ពោល​គឺចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែសីហា រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា​ មាន​ចំនួន​ទស្សនា​ជាង​៦០០K ចំនួន​ចុច​ចូលចិត្ត​បទ​នេះ​ជាង​29K ខណៈ​ដែល​ចំនួន​ចែក​រំលែក​មាន​ជាង​១៥K។

បទ​ចម្រៀង​ថ្មី​នេះ​ បើ​ស្ដាប់​អត្ថន័យ​ខ្លឹមសារ​មាន​ភាព​ចាក់​ដោត​គួរ​សម​ដែរ​ ពិសេស​គឺ​ត្រូវ​នឹ​ងរឿង​​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ ដែល​​បុគ្គល​មួយ​ចំនួនហ៊ាន​ធ្វើ​រឿង​ប្លែក​ៗ​ដូច​ជា​ ញ៉ាំស្មៅ ញ៉ាំ​ដង្កូវ​ដើម្បី​យក​ល្បី​ ចំណែក​ឯបុគ្គល​ខ្លះ​ទៀត ​ដល់​ថ្នាក់​យក​សាច់​រឿង​គ្រួសារ​របស់​ខ្លួន​មក​ហែក​ហួរ​គ្នា​នៅ​ខាង​ក្រៅ​ ព្រោះ​តែ​ចង់​ឱ្យ​មាន​មនុស្ស​ចូល​មើល​វីដេអូ​របស់​ខ្លួន​ដូច​ក្នុង​ឃ្លា​ផ្ដើម​បទ​ចម្រៀង​របស់​លោក​បាន​ច្រៀង​រៀបរាប់​ថា​៖ «សម័យ​នោះ​ចង់​ល្បី​មាន​ប្រុស​ស្រី​ធ្វើ​ឆ្កួត​ៗ ឡប់​ឡែ​វ៉ែរហូត​ប្រឹងភរភូត​អ្នក​ដទៃ ស៊ីស្មៅ​ស៊ី​ដង្កូវ​ សត្វរយពាន់​ព្រោះ​ចង់​ល្បី​ ម៉ែឪប្រដៅស្ដី​ធ្វើ​វាហ៊ី​មិន​ព្រមស្ដាប់ ខ្ញុំ​ឃើញ​មាន​អ្នក​ខ្លះ​ធ្វើ​លែង​លះ​ប្ដី​ប្រពន្ធ​ ដៀមដាមជេរធ្ងន់​ៗ មនុស្ស​សែន​ពាន់​ចូល​មើល​ស្ដាប់​។

បទ​ចម្រៀង​ដែល​​និពន្ធ​ទំនុក​ច្រៀងថ្មី​និង​ច្រៀង​ដោយ​ឧកញ៉ា ទុំ​ សារុត ​នេះ​ ជា​បទ​ចម្រៀង​លំនាំ​ដើម​របស់​លោក​ មាស សាម៉ន ​មាន​ចំណង​ជើង​ថា​ «ទៅដណ្ដឹងកូន​គេ»។

គ្រាន់​តែ​ចំនួន​ Like  Share និង​ View អាចសបញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​បទ​ «ចង់ល្បី​» របស់​នាយឃ្លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ប៉ុណ្ណោះ ហើយ​បើ​មើល​លើ​ Comment របស់​អ្នក​លេង​បណ្ដាញ​សង្គ​ម​វិញ​នោះ​ មួយ​ភាគ​ធំ​គឺ​គាំទ្រ​ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​របស់​នាយ​ឃ្លោក​ថា៖ «អត្ថន័យល្អ ជាសារអប់រំដល់សង្គម អោយភ្ញាក់ខ្លួន» «សរសើរអ្នកនិពន្ធចំៗគ្មានខុស100% «​ «ពូឃ្លោកច្រៀងមួយបទនេះត្រូវនឹងសង្គមយើងបច្ចុប្បន្ន ចាក់ដោត ហើយមានអត្ថន័យ» «លោកពូច្រៀងពិរោះណាស់ហើយមានន័យខ្លឹមសារល្អៗណាស់ពេញចិត្ត100%»។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​សាច់​រឿង​លើ​បណ្ដាញ​សង្គម​ បាន​លើក​ឡើង​ថាអត្ថន័យ​ ​ដែល​នាយ​ឃ្លោក ច្រៀង​រៀបរាប់​ក្នុង​ចម្រៀង​ថ្មី​​នេះ​ ប្រហែល​ជា​ដៀមដាម​ឱ្យ​នារី​អំបិល​ម្ទេស​ ដែល​និយម​ថត​វីដេអូ​ស៊ី​គ្រប់​យ៉ាង​មិន​រើស​ ក៏​ដូច​ជា​ជម្លោះ​ផ្អើល​ប្រទេស​អេដមីន​ជីងចក់​ និង​ភរិយា​អ្នក​នាង​ ទ្រិញ​ ផល្លា​ក៏​ថា​បាន​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ថា​នាយ​ឃ្លោក​អាច​និពន្ធអត្ថន័យ​​ទៅ​តាម​រឿងពិត​ជាក់​ស្ដែង​ផ្សេងៗ​ ដែល​កើត​មាន​រាល់​ថ្ងៃ​ក្នុង​សង្គម​ខ្មែរ ប្រហែល​មិន​សំដៅ​ទៅ​ដល់​បុគ្គល​ណា​ម្នាក់​ចំៗ​នោះ​​ឡើយ​។

នាយ​ឃ្លោក កើត​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​១៩៥៧ នៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្ដស្វាយរៀង ។ លោក ជា​កូន​ទី​៦​ក្នុង​ចំណោម​បងប្អូន​១០​នាក់ ប្រុស​៦​នាក់​ ស្រី​៤​នាក់​។ ឪពុក​របស់​លោក​មានឈ្មោះ​ព្រំ ឆែម និង​ម្ដាយ​របស់​លោក​ឈ្មោះ​មាស ហ៊ាន ​ជា​កសិករ ប៉ុន្តែ​លោក​​ទាំង​២​បាន​ បាត់បង់​ជីវិត​នៅ​សម័យ​របប​ប៉ុ​ល ពត ។ លោក ​ទុំ សា​រុត ហៅ​នាយ​ឃ្លោក​ បាន​ទទួល​បាន​គោរមងារ​ឧកញ៉ា​ពី​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៤៕

សូមទស្សនាវីដេអូនេះ ៖

Share.