ម្ចាស់អាវលេខ២៣ កោះកុងអេហ្វស៊ី សាន បូរ៉ា នៅតែមានក្ដីរំពឹងថា ក្រុមរបស់គេអាចរកបានលទ្ធផលល្អក្នុងជើងទី២ វគ្គ១៦ក្រុម ចុងក្រោយថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទោះត្រូវបានអង្គរថាយហ្គឺរនាំមុខក្នុងជើងទី១ ដោយលទ្ធផល១ទល់នឹង២។

មុនជំនួបជើងទី២ នៅសៀមរាប ថ្ងៃពុធ ទី១៧ ខែសីហា សាន បូរ៉ា ទទូចថា ក្រុមរបស់គេនឹងព្យាយាមធ្វើឱ្យបានល្អជាងជើងទី១ យ៉ាងហោចក៏៦០ទៅ៧០ភាគរយដែរ។

ខ្សែបម្រើកោះកុងអេហ្វស៊ីរូបនេះថ្លែងបែបនេះថា៖«បាទបង ក្ដីរំពឹងក្នុងការប្រកួតនៅតែមានបង សម្រាប់ខ្ញុំ និងក្រុម។ កាលជើងទី១ យើងចាញ់ ព្រោះប្រកួតកៀកៗគ្នាពេក ហើយកីឡាករក្នុងស្រុកខ្លះរបស់យើងនៅមានកម្រិត។ ជើងទី២យើងនឹងប្រឹងប្រែងធ្វើឱ្យបានល្អជាងជើងទី១ អាច៦០ទៅ៧០ភាគរយដែរ។»

គួរដឹងដែរថា កាលជើងទី១ សាន បូរ៉ា រកបាន១គ្រាប់ឱ្យកោះកុងអេហ្វស៊ីនាំមុខ មុនពេលកីឡាករ កែវ សារ៉ាត់ និងសុវណ្ណ ដូណា រកបានម្នាក់១គ្រាប់ឱ្យអង្គរថាយហ្គឺរ ឈ្នះ១ទល់នឹង២ នៅទឹកដីកោះកុង៕

Share.