ពីវេទិកាអធិបតីនៃពីធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្រុមអ្នកវិនិយោគ​មិនសូវខ្វល់ពេកនឹងប្រជាធិបតេយ្យនោះទេ និងថែមទាំងស្អប់ទៀតផងនូវការធ្វើបាតុកម្មដែលខុសច្បាប់។

បើតាមសម្ដេច ការនិយាយមួយបែបដូចខាងលើនេះ ​ក៏មិនមែនមានន័យថាជាការបិទសិទ្ធិធ្វើបាតុកម្មនោះដែរ ប៉ុន្តែអ្នកវិនិយោគប្រាថ្នាចង់ឱ្យខ្សែសង្វាក់ផលិតកម្មរបស់គេដំណើរការជាប្រក្រតី។ សម្ដេចបានបន្តថា«យើងមិនបានមើលស្រាលទៅលើសិទ្ធិរបស់កម្មករ និងការទាមទាររបស់សហជីពនោះទេ»។

សម្ដេចបានអំពាវនាវឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់ដោះស្រាយកង្វល់នានារបស់កម្មករដែលជួបបញ្ហា ដោយសម្ដេចបានឆ្លៀតបញ្ជាក់អំពីបញ្ហាកកម្មកររោងចក្រប្រមាណ៤០០នាក់ដែលមិនទាន់ទទួលបានដំណោះស្រាយក្រោយរោងចក្រក្ស័យធន់។

សម្ដេចតេជោបានបន្តថា កម្មករទាំងនោះបានដាក់ញត្តិស្នើឱ្យជួយអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែមិនបើកប្រាក់ ក៏ប៉ុន្តែជិតពីរខែទៅហើយ ក្រុមកម្មករនៅតែមិនទាន់ទទួលបានចម្លើយ ឬដំណោះស្រាយណាមួយ រហូតដាក់ញត្តិខុទ្ទកាល័យសម្ដេចតែម្ដង។

ចេញវេទិកាចែកសញ្ញាបត្រដដេលនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារប្រញាប់ដោះស្រាយបញ្ហានេះ ដោយអាចស្នើខ្ចីថវិកាពីរាជរដ្ឋាភិបាលបើកជូនកម្មករ មុននឹងបន្តវិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ។

សូមបញ្ជាក់ថាគិតត្រឹមចុងឆ្នាំ២០២១ កម្ពុជាមានរោងចក្រ សហគ្រាសបានចុះបញ្ជីផ្លូវការក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបបានប្រមាណ១២០០ រោងចក្រ និងផ្តល់ការងារដល់កម្មករនិយោជិតប្រមាណជិត១លាននាក់៕

Share.