ភាពយន្តភាគជាស៊េរីថៃដ៏ល្បីល្បាញនៅក្នុង Netfilx ដែលមានចំណងជើងថា «Girl  from Nowhere» ជាប្រភេទរឿងបង្ហាញពីរឿងអាស្រូវរបស់ក្មេងសិស្សសាលានៅក្នុងប្រទេសថៃ និងបញ្ហាចាក់ស្រេះកាន់តែច្រើនក្នុងសង្គមអប់រំថៃនោះ ថ្មីៗនេះបានបញ្ចេញតម្រុយ Season 3 ដោយតួអង្គស្រី Nano ទម្លាយរូបភាពថ្មីៗចេញពីសាច់រឿងប៉ុន្មានសន្លឹកបង្កប់ដោយទឹកមុខឃោឃៅ។

ភាពយន្តល្បីរន្ធឺទាំងពិភពលោកមួយនេះ ធ្លាប់បានបញ្ចេញ ២ រដូវកាលក​ន្លងមកហើយ ដោយនៅក្នុងនោះ Season 1 មានសាចរឿងទាំងអស់ចំនួន ១៣ភាគ ហើយ Season 2 មានសាច់រឿងទាំងអស់ ៨ ភាគ។ អ្វីដែលពិសេសធ្វើឱ្យភាពយន្តស៊េរីថៃមួយនេះមានអ្នកគាំទ្រជាច្រើនទន្ទឹងចាំទស្សនាគ្រប់រដូវកាលនោះ ក៏ព្រោះតែការសម្ដែងរបស់តួឯកស្រី Nanno (ណាណុ) កូនស្រីរបស់សាតាំងដែលចេញមុខក្នុងការបង្ក្រាបជនខិលខូចគ្រប់ភាគ គ្រប់រដូវកាលតែម្ដង។ ដោយឡែក Season 2 ក៏មានលាតត្រដាងវេនកម្មបន្តរបស់ Nanno ដែលនាងបានបន្តទាយាទឱ្យទៅតួអង្គថ្មី Yuri (យូរិ) ហើយនាងក៏ជាអ្នកបង្រាបតួថ្មីនេះព្រោះតែមានលក្ខណៈរោគចិត្តជ្រុលពេក។

Nanno ជាតួក្មេងស្រីសិស្សសាលាថ្មី គឺសម្ដែងដោយតារាស្រីល្បីមានឈ្មោះថា Kitty Chicha នាងមានវ័យ ២៨ ឆ្នាំ ដែលមានអត្តចរិតតួអង្គឃោឃៅចុះបង្រាបក្មេងប្រុសខិលខូច ហើយដាក់ទណ្ឌកម្មពួកគេតាមវិធីរន្ធត់ និងប្លែកៗដែលគ្រប់គ្នាស្មានមិនដល់។ ភាពយន្តភាគ «Girl  from Nowhere» ឆ្លុះបង្ហាញពីបញ្ហារឿងអាស្រូវជាច្រើនរបស់សិស្សនៅវិទ្យាល័យដែលប្រព្រឹត្តិទង្វើដូចជា ការលះបង់ខ្លួនប្រាណដើម្បីស្នេហារហូតជ្រុលជ្រួសមានផ្ទៃពោះទាំងវ័យក្មេង ទង្វើកៀបសង្កត់សិស្សទន់ខ្សោយ ទង្វើពុករលួយរបស់គ្រូ ការអួតអាងរបស់កូនអ្នកមាន ការរំលោភបំពានតាមរយៈសង្គមអនឡាញ ជាដើម។ ភាពយន្តក៏បានផ្ដល់ពុទ្ធិឱ្យអ្នកទស្សនាបានត្រងគិតថា ពីការប្រព្រឹត្តិទង្វើល្អ ភាពស្មោះត្រង់ មិនកេងប្រយោជន៍ពីអ្នកដទៃ និងបានស្គាល់ផលតបស្នងពីអំពើបាបដែលខ្លួនបានប្រព្រឹត្តិ។

យ៉ាងណាមិញ ភាពយន្តភាគជាស៊េរី «Girl  from Nowhere»  Season 3 នេះ នៅមិនទាន់បញ្ចេញថ្ងៃបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែត្រូវបានប្រភពសារព័ត៌មានបរទេសទម្លាយថា គឺមាននៅក្នុងបញ្ជីការចាក់បញ្ចាំងរបស់ Netfilx ក្នុងឆ្នាំ២០២៣ខាងមុខនេះ។ តើរដូវកាលថ្មីនេះ មានសាច់រឿងបន្តភាគគ្នាបែបណា ? រន្ធត់បែបណា?

សូមទស្សនាវីដេអូនេះ ៖

Share.