តារាចម្រៀងស្រី ពេជ្រ សោភា ធ្លាប់បើកចំហឱ្យមហាជនដឹងថា ខ្លួនជាគ្រិះបរិស័ទ្ធមា្នក់ដែលមានជំនឿនេះជិត ៣០ឆ្នាំមកហើយបន្តតាំងពីជំនាន់ឪពុកខ្លួននៅមានជីវិតមកម្ល៉េះ។ តារាចម្រៀងដែលមានដើមកំណើតនៅខេត្តព្រែវែងរូបនេះ ហាក់ដូចជាមិនបារម្ភចំពោះការបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ដោយគ្រាន់តែឱ្យមហាជនដឹងពីសាវតារ និងជំនឿសាសនាដែលនាងជឿសព្វថ្ងៃ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេតែឃើញ ពេជ្រ សោភា ពន្លយសារនៅលើហ្វេសប៊ុកបង្ហោះជាសារធារណៈ ដែលមានលក្ខណៈលើកទឹកចិត្តដល់មហាជនតាមបែបផែនរបស់គ្រិះសាសនា។ ក្នុងនោះដែរ ពេជ្រ សោភា ធ្លាប់បានបង្ហោះថា ៖ «មនុស្សយើងកើតមកគឺមានបាបរួចទៅហើយ ជឿទេរស់រាល់ថ្ងៃជីវិតអ្នកជួបរឿងមិនចេះចប់ចិត្តមិនស្ងប់ មានលុយ មានឡាន មានផ្ទះ មានឈ្មោះល្បី តែក៏មានការឈឺចាប់មកជាមួយរាល់ថ្ងៃ យំរាល់ថ្ងៃ សំរាប់ខ្ញុំកាឈឺចាប់កាលមុនខ្ញុំលែងមានហើយ សុខសាន្តផ្លូវចិត្ត អ្នកមិនបាច់ចង់ឈ្នះណាទេ សុំត្រឹមឈ្នះចិត្តខ្លួនឯងសិន ព្រះបន្ទូលព្រះជាពន្លឺនៃជីវិត»។ ការបង្ហោះនេះ អ្នកនាងបានភ្ជាប់ជាមួយរូបភាពកាន់គម្ពីគ្រិះសាសនានៅក្នុងដៃ ទាំងមុខមានជំនឿយ៉ាងមុតមាំ។

ហើយថ្មីៗនេះ គេក៏បានសង្កេតឃើញថា ទាំងក្នុងផលិតកម្ម និងនៅបណ្ដាញសង្គមដែលជាផេកផ្លូវការរបស់អ្នកនាង ពេជ្រ សោភា នៅមិនទាន់មានបទចម្រៀងថ្មីបំពេរអារម្មណ៍អ្នកគាំទ្រនៅឡើយទេ តែដោយឡែក អ្នកនាងបានងាកមកបញ្ចេញបទចម្រៀងមួយបទបែបគ្រិះសាសនាមានចំណងជើងថា ៖ «ស្ងៀម»។ ជាការកត់សម្គាល់ ក្រៅពីតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា គេដឹងថា តារាចម្រៀង ខេម ក៏ជាគ្រីស្ទៀនដូចនាងដែរ។

អ្នកនាង ពេជ្រ សោភា បានជ្រើសកាន់សាសនាគ្រីស្ទៀន(ប្រូតេស្តង់) ធ្លាប់បានបង្ហាញសកម្មភាពលើធ្វើការងារសប្បុរសធម៌មួយចំនួន និងការជួបជុំនៅព្រះវិហារផងដែរ៕

Share.