ការប្រកួតប្រដាល់រវាងអ្នកប្រដាល់ជប៉ុន Kota Miura ប៉ះជាមួយ អ្នកប្រដាល់ថៃ Buakhao Banchamek (ប៊ូខាវ) នៅសង្វៀន Rajadamnern World Series (RWS) នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នា​វេលា​ម៉ោង ៧:០០នាទី​យប់។ 

កម្លោះសង្ហាជនជាតិជប៉ុន Kota Miura គឺជាអ្នកប្រដាល់ MMA កើតក្នុងឆ្នាំ ២០០២ បច្ចុប្បន្នទើបតែមានវ័យ២០ឆ្នាំប៉ុណ្ណោះ ដោយធ្លាប់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ RIZIN 23 ហើយក៏បានផ្តួលគូប្រកួត Yushi Sakura មិនឲ្យតដៃរួចផងដែរ។ ខណៈ ប៊ូខាវ ធ្លាប់ឆ្លងកាត់ប្រកួត ២៨៨ដង ឈ្នះ ២៥៤ដង វាយគូប្រកួតឲ្យសន្លប់ ៧៨ដង ចាញ់ ២២ដង និងស្មើ ១២ដង

យោងតាមការបង្ហោះរបស់ផេក Sport Focus បានសរសេរថា៖«ប្រាប់​តាម​ត្រង់​ Admin អៀនណាស់ Kota ញញឹម​ស្រទន់​ដល់​ហើយ» ខណៈ Page Buakaw សរសេរតបវិញថា៖«គ្រប់​សារព័ត៌មាន​ចាប់​អារម្មណ៍​តែ​ប្អូន Miura Kota​ តូច​ចិត្ត»។

គួរដឹងថាអ្នកប្រដាល់វ័យក្មេង Kota Miura គឺជាកូនប្រុសបង្កើតរបស់កីឡាករបាល់ទាត់ជើងចាស់ជប៉ុន Kazuyoshi Miura ដែលបច្ចុប្បន្នកំពុងបន្តអាជីពនៅក្លិប Suzuka Point Getters បើទោះជាមានវ័យជ្រេរហូតដល់ ៥៥ ឆ្នាំយ៉ាងណាក៏ដោយ៕

Share.