ពានរង្វាន់​បាល់ទះ Ganzberg Special Volleyball League 2022 ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២០ ខែសីហា ឆ្នាំ​២០២២ នេះ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រយង និង PNN ទាំង​២គូផង​ដែរ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– គូទី១៖ សមាគមកីឡាបាល់ទះវិសាខា ប្រកួតជាមួយ ក្រុមកីឡាបាល់ទះ PS CONCRETE វេលាម៉ោង ២:០០រសៀល
– គូទី២៖ ក្រសួងមហាផ្ទៃ ប្រកួតជាមួយ រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៣:៣០រសៀល។

ចំណាត់ថ្នាក់លេខ៣៖
– ថ្ងៃសុក្រ ទី២៦ ខែសីហា ក្រុមចាញ់ vs ក្រុមចាញ់ វេលាម៉ោង ២:២០រសៀល

វគ្គផ្តាច់ព្រ័ត្រ៖
– ថ្ងៃសុក្រ ទី២៦ ខែសីហា ក្រុមឈ្នះ vs ក្រុមឈ្នះ វេលាម៉ោង ៣:៣០រសៀល

ការប្រកួតលក្ខណៈ៤ទល់៤ ក្នុងលក្ខណៈលីគដំបូងគេបែបនេះ មាន១សិតចំនួន២៥ពិន្ទុ ហើយគូភាគីណារកបាន២សិតមុនជាអ្នកឈ្នះ ប៉ុន្មានបើប្រកួតទៅឈ្នះម្នាក់១សិត នោះនឹងប្រកួតសិតទី៣ ដើម្បីកាត់សេចក្ដី។ ចំណែកការរាប់ចំណាត់ថ្នាក់វិញក្រុមដែលឈ្នះ២សិតទល់០ នឹងទទួលបាន៣ពិន្ទុ ហើយបើក្រុមឈ្នះ២សិតទល់១ នឹងទទួលបាន២ពិន្ទុ។ សម្រាប់ក្រុមបរាជ័យ០ទល់២ សិត មិនទទួលបានពិន្ទុទេ តែបើក្រុមចាញ់១សិតទល់២ សិតនឹងទទួលបាន១ពិន្ទុ។

ពានរង្វាន់ Ganzberg Special Volleyball League 2022 រៀបចំប្រកួតរាល់ថ្ងៃសុក្រ និងសៅរ៍ រាល់សប្ដាហ៍នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ ខណៈក្រុមចូលរួមទាំង១៣មាន៖១.កងពលតូចអន្តរាគមន៍លេខ៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការនគរបាលខេត្តព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋានលិខិតឆ្លងដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១២ ក្រុមបាល់ទះ P.S Concrete។

សូមបញ្ជាក់ថាគណៈកម្មការប្រកួតពានរង្វាន់ Ganzberg Special Volleyball League 2022 បានសម្រេចថាក្រុមដែលឈ្នះជើងឯកនឹងទទួលបានពាន១ មេដាយមាសម្នាក់១ និងថវិការ២០លានរៀល ហើយក្រុមជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៨លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។ ជាមួយគ្នានោះដែរក៏មានការដាក់ពិន្ទុប្រគល់ពានឯកត្តជនជូនដល់កីឡាករឆ្នើម,កីឡាករវាលវាយប្រយុទ្ធល្អជាងគេ, កីឡាករលើកបាល់បានល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ អមដោយពានតូចម្នាក់១និងថវិកា៨សែនរៀល៕

Share.