Bao Qing Tian (Bao Zheng) គឺ​ជា​បុគ្គល​ដ៏​ល្បី​ល្បាញ​​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ ជា​មន្ត្រី​មាន​កិត្តិយស​នាម​ល្បី​ផ្នែក​យុត្តិធម៌​ មាន​និស្ស័យ​ត្រង់​ទៅ​ត្រង់​មក​ មនុស្ស​អាក្រក់​កោត​ខ្លាច​។ តាម​ពិត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ចិន​ ប៉ាវ​ជីងធៀន ​ជា​មនុស្ស​មុខ​ស​ធម្មតា​ គ្រាន់​តែ​មិន​ងាយ​ញញឹម​ តែ​នៅ​ក្នុង​ប្រលោមលោក​ ប៉ាវជីងធៀន​ ត្រូវ​បាន​អ្នកនិពន្ធ​សរសេរ​ឱ្យ​មាន​មុខ​ខ្មៅ ​និង​មាន​ព្រះ​ច័ន្ទ​មួយ​ចំណិត​នៅ​លើ​ថ្ងាស​ ដើម្បី​ឱ្យ​ស៊ី​ទៅ​នឹង​បុគ្គលិក​លក្ខណៈ​និង​អត្តចរិត​ ជា​ពិសេស​តំណាង​ឱ្យ​និមិត្ត​សញ្ញា​នៃ​អំពើ​ល្អ​ ភាព​ស្មោះ​ត្រង់​និង​យុត្តិធម៌​។​

ប៉ាវ​ ជីងធៀន​ ត្រូវ​បាន​អ្នក​ជំនាញ​របស់​ចិន​ជ្រើសរើស​ជា​កំពូល​មនុស្ស​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​មួយ​រយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​។​ យ៉ាង​ណា​មិញ​បើ​និយាយ​ដល់​ភាពយន្ត​ភាគ​ តុលការ​មុខ​ដែក​ ប៉ាវ ជីនធៀន​ ពិត​ណាស់​ គឺ​មាន​ភាព​ល្បីល្បាញ ​និង​មាន​ការ​និយម​ទស្សនា​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​ទស្សនា​រឿង​ភាគ​បែប​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​ចិន​មួយ​នេះ​នោះ​ទេ​។​

និយាយ​ដល់​រឿង​ ប៉ាវ ជីងធៀន​ តើ​អ្នក​គាំទ្រ​​ទាំង​អស់​មាន​នៅ​ចាំ​ដែរ​ថា​មាន​រឿង​ក្ដី​ចំនួន​ប៉ុន្មាន​ហើយ​មាន​រឿង​ក្ដី​ណា​ដែល​ល្អ​និង​គួរ​ឱ្យ​ចង់​តាម​ដាន​​ជាង​គេ​?

ថ្ងៃ​នេះ​ សារ​ព័ត៌មាន​ត្រយង ​សូម​​ដក​ស្រង់​យក​មក​បង្ហាញ​ជូន​រឿង​ក្ដី​ចំនួន​៥​ដ៏​ល្អ ​និង​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ចំណោម​រឿងក្ដី​ជា​ច្រើន​ពី​​ក្នុង​ភាពយន្ត​ភាគ​ Justic BAO។

១./ រឿង​ក្ដី​សេះ​នាគ​រាជ​ពណ៌​ស

រឿង​ក្ដី​នេះ ​និយាយ​ដល់​លោក​ម្ចាស់​ប៉ាវ​ ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​រឿង​អ្នក​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ លោក​ម្ចាស់​ប៉ាវ​ មាន​អារម្មណ៍​ថា​ រឿង​ក្ដី​របស់​ ស៊ុនឈៀង​មាន​ភាព​មិន​ប្រក្រតី​ ដូច្នេះ​លោក​ម្ចាស់​ប៉ាវ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ឆាងចូវ​ ដើម្បី​ស៊ើបសួរ​រឿង​ក្ដី​ដោយ​ផ្ទាល់​។​ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ ចាន់ចាវ​ បាន​ជួយ​សង្គ្រោះ​ ស៊ឺនតៀ រហូត​បង្កើត​ជា​សេចក្ដី​ស្នេហា​ដ៏​ស្មោះសរ​មួយ​។ ខណៈ​នោះ​ដែរ​លោក​ម្ចាស់​ប៉ាវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​រហូត​បាន​តម្រុយ​រឿង​ពុក​រលួយ​ក្នុង​ក្រុម​កងទ័ព​សេះ​ ដែល​មាន​ស៊ឺនយ៉ាង​ជា​មេទ័ព​។ លោក​មេទ័ព​ស៊ឺនយ៉ាង​ជា​មនុស្ស​ម្នាក់​ដែល​លោក​ម្ចាស់​ប៉ាវ​ធ្លាប់​​គាំទ្រ​ និង​ជា​បង​ប្រុស​បង្កើត​តែ​ម្នាក់​របស់​ស៊ឺនតៀ នារី​តែ​ម្នាក់​ដែល​ចិនចាវ​ស្រលាញ់​។​ រឿងក្ដី​នេះ​បាន​ធ្វើ​ឱ្យ​ឆ្មា​ពិឃាត​ចិនចាវ​ កំពូល​វិជ្ជា​គុន​ស្រស់​ទឹក​ភ្នែក​ដូច​ជា​ដំណក់​ភ្លៀង​​ផង​ដែរ​។​

២./ រឿង​ក្ដី​លួច​ប្ដូរ​ព្រះ​ឱរស

រឿង​ក្ដី​នេះ ​គឺ​ជា​អាថ៌កំបាំង​ក្នុង​ព្រះរាជវាំង​ជិត​៣០​ឆ្នាំ​ ដែល​ត្រូវ​បាន​លាត​ត្រដាង​ ​ដូច្នេះ​លោក​ម្ចាស់​ប៉ាវ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ ព្រោះ​រឿង​ក្ដី​នេះ​ ពាក់ព័ន្ធ​នឹង​ជាតិ​កំណើត​មុន​ឡើង​សោយរាជ្យ​របស់​ យិនចុង​ ហុងតេ​សម័យ​បច្ចុប្បន្ន​ ហេតុនេះ​ក្រុម​ស៊ើបការ​របស់​លោក​ម្ចាស់​ប៉ាវ​ ត្រូវ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ភាព​ជ្រះស្រឡះ​ឱ្យ​ទាល់​តែ​បាន​។​ រឿង​ក្ដី​នេះ​ គឹ​នៅ​សម័យ​កាល​ ដែល​ចឺនចុង​ បិតា​របស់​ស្ដេច​យិនចុង​ឡើង​គ្រងរាជ្យ​ព្រះ​អង្គ​ពេញ​ព្រះទ័យ​ស្នំ​ចំនួន​ពីរ​​នាក់​គឺ​ «ស្នំ​លី​» និង​ «ស្នំ​លីវ​» ស្ត្រី​ទាំង​ពីរ​នេះ មានកូន​ក្នុង​ពេល​ដំណាល​គ្នា ហេតុ​នេះ​ ស្ដេច​ចឺនចុង​​ បាន​មាន​ព្រះ​បន្ទូល​ថា​ ស្នំ​អង្គ​ណា​ប្រសូត​ព្រះរាជបុត្រ​មុន​នឹង​បាន​តែងតាំង​ជា​ព្រះមហេសី​ ចំណែក​ព្រះ​បុត្រា​នឹង​ក្លាយ​ជា​ព្រះរាជទាយាទ​។

ស្នំ​លី​ប្រសូត​បុត្រ​មុន​ហើយ​បាន​ព្រះ​បុត្រា ធ្វើ​ឱ្យ​ស្នំឯក​លីវ​ ​កើត​ចិត្ត​ច្រណែន​ ហើយ​រៀប​ផែនការ​លួច​ប្ដូរ​ព្រះ​បុត្រា​ ដោយ​ឱ្យ​ប្រាក់​ទៅ​មហាថ្លឹក​ គួហួយ​ ឱ្យ​យក​សត្វ​ឆ្មា​មក​ប្ដូរ​ជាមួយ​នឹង​ព្រះ​បុត្រា​ ដោយ​បង្កើត​ស្ថានការណ៍​ថា​ស្នំ​ឯក​លី​កើត​បាន​កូន​ឆ្មា​។​ ស្ដេច​ចឺនចុង​លង់​ជឿ​ហើយ​មិន​ព្រម​ស៊ើបសួរ​រក​ការ​ពិត​អ្វី​ទាំង​អស់​ ហើយ​បញ្ជា​ឱ្យ​ចាប់​ឃុំ​ស្នំឯក​លី​ក្នុង​ដំណាក់​ត្រជាក់​ ហើយ​ទីបំផុត​ស្នំឯកលី​បាន​លួច​រត់​ចេញ​ពី​រាជវាំង​។ រាជបុត្រ​របស់​ស្នំលី​រួច​រស់​ជីវិត​ព្រោះ​តែ​ភីលាង​របស់​ស្នំ​ឯកលីវ​មិន​ដាច់​ចិត្ត​សម្លាប់​ក្មេង​។​ រឿង​ក្ដី​នេះ​គឺ​ជា​ក្ដី​ដ៏​ធំ​មួយ​ដែល​លោក​ម្ចាស់​ប៉ាវ​​ត្រូវ​កាត់​ក្ដី​ជន​ជាប់​ចោទ​​ដែល​មាន​ឋានៈ​រហូត​ដល់​មហាក្សត្រ​។ តើ​ព្រះរាជា​មាន​កំហុស​អ្វី​?​ តើ​អ្នក​ណា​ខ្លះ​រួមដៃ​គ្នា​ប្រព្រឹត្តិ​អំពើ​អាក្រក់​នេះ​?​

៣./ រឿង​ក្ដី​ចៅហ្វាយ​ក្រុង​ថ្មី​

នៅ​ពេល​ដែល​ចៅហ្វាយ​ក្រុង តឺង​ចូវ​ បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​ ព្រះរាជា​មាន​បញ្ជា​ឱ្យ​ លោក​ម្ចាស់​ ប៉ាវ​ជីងធៀន​ ស៊ើបអង្កេត​ស្វែង​រក​ការ​ពិត​រឿង​នេះ​។ ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​​លោក​ម្ចាស់​ប៉ាវ​បាន​ជួប​ជាមួយ​នឹង​ ថាំង​ចឺន​ ចៅហ្វាយ​ក្រុង​ថ្មី​ ដែល​ជា​កូន​សិស្ស​របស់​ ប៉ាវ ​ជីងធៀន។​

នៅ​ពេល​ដែល​ ថាំង​ចឺន​ បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ ​តឺងចូវ​ ​ក៏​បាន​រក​ឃើញ​ថា​មាន​​អំពើ​ទុច្ចរិត​ ចំណែក​ឯ​លោក​ម្ចាស់​ប៉ាវ​ វិញ​ក៏​រក​ឃើញ​ដែរ​ថា​មាន​លុយ​កាក់​ក្លែងក្លាយ​ជា​ច្រើន​ចែកចាយ​សឹង​គ្រប់​កន្លែង​ ដែល​ផ្ដើម​ចេញ​មក​ពី​ក្រុង​តឺង​ចូវ​ ធ្វើ​ឱ្យ លោក​ម្ចាស់​ប៉ាវ​ ត្រូវ​លូកដៃ​ចូល​ទៅ​ស៊ើប​រឿង​ក្ដី​នេះ​ដោយ​ខ្លួន​ឯង​ទៀត​ដើម្បី​ស្វែង​រក​អ្នក​ធ្វើ​ខុស​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​។ រឿង​ក្ដី​ស្លាប់​ចៅហ្វាយ​ក្រុង​ តឺងចូវ​ និង​រឿង​ផលិត​កាក់​ក្លែង​ក្លាយ​នេះ​អាច​មាន​ទំនាក់ទំនង​គ្នា​ដែរ​ឬ​ទេ?​

៤./ រឿង​ក្ដី​មាស​មរណៈ

រឿង​ក្ដី​នេះ​កើត​ឡើង​នៅ​ពេល​ដែល​លោក​ម្ចាស់​ប៉ាវ​ បាន​ទទួល​ព្រះរាជា​បញ្ជា​ឱ្យ​តំណាង​ព្រះរាជា​ទៅ​ចូលរួម​ថ្ងៃ​កំណើត​របស់​លោក​ម្ចាស់​​ ឆៃអង់​ ដោយ​លោក​ម្ចាស់​ឆៃអង់​ និង​ លោក​ម្ចាស់​ប៉ាវ​ គឺ​ជា​មនុស្ស​ស្គាល់​និង​ស្និទ្ធស្នាល​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ​។ មុន​ធ្វើ​ដំណើរ​ មាន​បុរស​ម្នាក់​បាន​ប្ដឹង​ថា​​ត្រូវ​មនុស្ស​ចាប់​ទៅ​ក្រុង​មាស​ តែ​គេ​ប្រថុយ​ជីវិត​គេច​ចេញ​មក​បាន​។

លោក​ម្ចាស់​ប៉ាវ​បាន​ទទួល​ពិនិត្យ​រឿង​ក្ដី​ខាងលើនេះ​ ព្រោះ​ទីតាំង​គឺ​ស្ថិត​នៅ​ក្រុង​ឈិងចូវ​កន្លែង​ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រាប់​។​ ពេល​ទៅ​ដល់​ទីនោះ​ ទើប​ដឹង​ថា​មនុស្ស​ក្នុង​ក្រុង​​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ដោយ​អ្នក​គ្រប់​គ្រង​​ និង​កង​ទ័ព​ ដោយ​មាន​ចាង​សុង​ ចៅហ្វាយ​ក្រុង​ឈិងចូវ​ជា​អ្នក​បញ្ជា​។ ក្នុង​ខណៈ​ជាមួយ​គ្នា​ វ៉ាន់អឺ​ ក្មួយ​របស់​សិស្ស​កុងស៊ុន​អឺ​ បានទទួល​បញ្ជា​ឱ្យ​ធ្វើ​ដំណើរ​មក​ជាមួយ​ ដោយ​មាន​គោល​ដៅ​គឺ​ព្យាបាល​ជំងឺ​បេះដូង​របស់​អង់ឆៃអី​ អ្នក​ទាំង​ពីរ​កើត​មាន​ចិត្ត​ស្រលាញ់​ចំពោះ​គ្នា​ ក្នុង​ខណៈ​ដែល​វ៉ាន់អឺ​បាន​ដឹង​ការ​ពិត​ថា​អ្នក​ដែល​នៅ​ពី​ក្រោយ​រឿងរ៉ាវ​ទាំង​អស់​គឺ​ជា​គូស្នេហ៍​របស់​ខ្លួន​​​

៥./ រឿង​ក្ដី​ប្រហារ​ជីវិត​ព្រះធីតុបតី​ (រាជធីតុបតី)

រឿង​ក្ដី​នេះ​​និយាយ​ពី ​ឈិន​ ស៊ឺម៉ឺយ​បាន​រៀប​ការ​ជា​មួយ​នឹង​ព្រះ​នាង​រហូត​ត្រូវ​បាន​តែង​តាំង​ជា​ព្រះធីតុបតី​។ ​នៅ​ពេល​ប្រពន្ធ​របស់​គេ​ឈ្មោះ​ ឈិនសៀង​បាន​ដឹង​ដំណឹង​នេះ​ បាន​នាំ​កូន​ប្រុស​ស្រី​មក​ជួប​ជាមួយ​នឹង​ឪពុក​ តែ​បែរ​ជា​ទទួល​រង​នូវ​ការ​បដិសេធ​ ដូច្នេះ​ ឈិន​ សៀង​លាន​ បាន​នាំ​កូន​ទៅ​ប្ដឹង​ស្វែង​រក​យុត្តិធម៌​នៅ​សំណាក់​ខៃហ្វុង​។ ​នៅ​ពេល​លោក​ម្ចាស់​ប៉ាវ​ដឹង​រឿង​ ទើប​សុំ​ឱ្យ​លោកម្ចាស់​ ឆឺនឈុន​​មក​បញ្ជាក់​អត្តសញ្ញាណ​របស់​ ឈិន ស៊ឺម៉ឹយ​ តែ​បែរ​ជា​ត្រូវ​ វ៉ឺយមីង​ មហាថ្លឹក​ជំនិត​របស់​ព្រះនាង​ទិញ​ក្បាល​ហើយ​ចុង​ក្រោយ​ ក៏​ត្រូវ​សម្លាប់​បំបិទ​មាត់​។ នៅ​ពេល  ឈិន​ សៀង​លាន​ ​បាន​ជួប​មុខ​ប្ដី​របស់​ខ្លួន​គឺ​ ឈិន ស៊ឺមឺយ​ នាង​បែរ​ជា​មិន​ទទួល​ស្គាល់​ថា​គេ​គឺ​ជា​ប្ដី​ព្រោះ​បារម្ភ​ខ្លាច​ប្ដី​ត្រូវ​ប្រហារ​ជីវិត​ តែ​នៅ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​នាង​បែរ​ជា​ត្រូវ​ឃាតក​តាម​​សម្លាប់​តែ​សំណាង​ល្អ​ នាង​បែរ​ជា​មិន​ស្លាប់​។ ក្រោយ​រួចរស់​ជីវិត​នាង​បាន​ត្រលប់​ទៅ​សំណាក់​ខៃហ្វុង​ម្ដង​ទៀត​ ដើម្បី​ប្ដឹង​ចាប់​ ឈិន ស៊ឺមឺយ​ យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​។​​​​​​​​

យ៉ាង​ដែរ​ប្រិយមិត្ត​ ក្រៅ​ពី​រឿង​ក្ដី​ដ៏​ល្បី​ទាំង​៥​នេះ​ មាន​នៅ​ចងចាំ​រឿង​ក្ដី​អ្វី​ដែរ​ទេ​? អាច​ Comment ឱ្យ​សារព័ត៌មាន​ត្រយង​ញូវស៍​បាន​ដឹង​ផង​។​

Share.