ក្រុម​បាល់ទាត់ Young Elephants បាន​គ្រង​តំណែង​ជើង​ឯក​លីគ​កំពូល​ឡាវ (Lao League 1) ជា​លើក​ដំបូង​គិត​ចាប់តាំង​ពី​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៧ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២ជើង​​ក្នុង​ចំណោម​សមាជិក​ចំនួន​៧​ក្រុម​នៅ​រដូវកាល​ឆ្នាំ​២០២២​នេះ។

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ ក្រោយ​ក្រុម Young Elephants លើក​ពានរង្វាន់​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា​​ម្ចាស់​ជើង​ឯក​ទទួល​បាន​ពានរង្វាន់​ចំនួន១​ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​លើក​ទឹក​ចិត្ត​ចំនួន​៣០០លាន​គីប (Kips) ឬ​ស្មើ​ប្រហែល​១៩,៦១០​ដុល្លារ​អាមេរិក (ហាងឆេង ១ដុល្លារ= ១៥,២៩៨.១ គីប)។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​ជើង​ឯក​រង Master 7 ​ទទួល​បាន​ទឹក​ប្រាក់ ១៥០​លាន​គីប ឬ ៩,៨១១.២០​ដុល្លារ​អាមេរិក ហើយ​ក្រុម​លេខ​៣ Ezra ទទួល​បាន​ប្រាក់​រង្វាន់ ៨០​លាន​គីប ឬ ស្មើ​៥,២៣៤.៨៨​​ដុល្លារ​អាមេរិក។ ​

ពានរង្វាន់​លីគ​កំពូល​ឡាវ មាន​ការ​ប្រកួត​សរុប​៦១​ប្រកួត​ ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២២ ខណៈ​​កីឡាករ​ដែល​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​ច្រើន​គ្រាប់​ជាង​គេ​គឺKeoviengphet Liththideth មាន​១៥គ្រាប់ របស់​ក្រុម Master 7 ហើយ​​អ្នកចាំទី​ល្អ​ជាង​គេ​បាន​ទៅ​កីឡាករ​ឡាវ Outthilath Nammakhoth របស់​ក្រុម Young Elephants គ្រូ​បង្វឹក​ល្អ​​ជាង​គេ​បាន​ទៅ​លោក Satyasagara របស់​ក្រុម Young Elephants និង​​កីឡាករ Kidavone Souvanni របស់​ក្រុម Young Elephants ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​ផង​ដែរ។ ​

ក្នុង​នាម​ជា​ម្ចាស់ ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ឡាវ ក្រុម​ Young Elephants មាន​ឈ្មោះ​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2023 ខាង​មុខ​ផង​ដែរ៕

Share.