ពានរង្វាន់​បាល់ទាត់​ជើង​ឯក​តំបន់​អាស៊ាន ដែល​ទើប​តែ​ប្តូរ​ឈ្មោះ​ថ្មី​​ទៅ​ជា AFF Mitsubishi Electric Cup 2022 នឹង​ចាប់​ឆ្នោត​​ជ្រើសរើស​ពូល​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​ Pots ជាមួយ​គ្នា ក្នុង​ន័យ​នេះ​អាច​និយាយ​ថា​ក្រុម​ទាំង​២​មិន​ស្ថិត​នៅ​ពូល​ជាមួយ​គ្នា​នោះ​ទេ។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) បាន​កំណត់​ក្រុម​ជា​សមាជិក​ជា​៥ Pots សម្រាប់​ចាប់​ឆ្នោត​ជ្រើសរើស​ពូល។ ក្រុមក្នុង Pots ជាមួយគ្នា ចាប់​ឆ្នោត​ដាក់​ពូល​ផ្សេង​គ្នា។ Pots ទាំង​៥​មាន៖
Pots ១៖ ថៃ និង​វៀតណាម
Pots ២៖ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី
Pots ៣៖ សិង្ហបុរី និង​ហ្វីលីពីន
Pots ៤៖ មីយ៉ាន់ម៉ា និង​កម្ពុជា
Pots ៥៖ ឡាវ និង ទីម័រខាងកើត ឬ ប្រ៊ុយណេ

អត្ថបទពាក់ព័ន្ធ៖ព័ត៌មានកីឡាផ្លូវការ! AFF Suzuki Cup សម្រេចប្ដូរឈ្មោះទៅជា AFF Mitsubishi Electric Cup

បើ​តាម​សេចក្តី​ជូនដំណឹង​ដែល AFF ផ្ញើ​មក​កាន់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង បញ្ជាក់​ថា​ពិធី​ចាប់​ឆ្នោត​បែងចែក​ពូល​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ទី៣០ ខែ​សីហា នៅ​រាជធានី​បាងកក ប្រទេសថៃ វេលាម៉ោង ២:០០នាទីរសៀល។

ចំណែក​ឯ​រូបមន្ត​នៃ​ការ​ប្រកួត​​ក្នុង​ពានរង្វាន់​នេះ​ត្រូវ​បែងចែក​ក្រុម​ចូលរួម​​ជា​២វគ្គ មាន​វគ្គ​ជម្រុះ និង​វគ្គ​ចែក​ពូល។ សម្រាប់​វគ្គ​ជម្រុះ​ក្រុម​ទីម័រខាងកើត ត្រូវ​ប៉ះ​ប្រ៊ុយណេ រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ចែក​ពូល ជាមួយ​ប្រទេស​ចំនួន​៩ កំពុង​រង់ចាំ។ វគ្គ​ចែក​ពូល​មាន​មាន​សរុប​​ចំនួន១០ បែងចែក​ក្រុម​ជា​២ពូល ក្នុង១ពូល ក្នុង​១ពូល​មាន៥ក្រុម ហើយក្រុមលេខ១និងលេខ២តាមពូល​នីមួយៗ​ មាន​ឈ្មោះ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង។

អត្ថបទពាក់ព័ន្ធ៖ប្រ៊ុយណេ បោះជំរុំហ្វឹកហាត់នៅអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមខ្លួនប្រកួត AFF Mitsubishi Electric Cup

ថៃ ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះ​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៦លើក ឯ​សិង្ហបុរី ឈ្នះ​បាន​៤លើក វៀតណាម ឈ្នះ​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។ ឥណ្ឌូណេស៊ី ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក តែ​​បរាជ័យ​រហូត៕

Share.