
នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ នេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) បានជូនដំណឹងដល់អ្នកគាំទ្រថាក្លិបសម្រេចតែងតាំងជំនួយការគ្រូបង្វឹកថ្មី ជាជនជាតិជប៉ុន ដើម្បីត្រៀមបេសកកម្មនានាក្នុងឆ្នាំ២០២១ នេះទាំងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។
នៅលើវិបសាយក្លិបបានបញ្ជាក់ថា៖«លោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំ សម្រាប់រដូវកាល ២០២១ នេះ។ លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License»។

មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ លេងឲ្យក្រុមលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០១៨ ដដែល លោកបានមកប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ ២០២១។
ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ។
ក្លិបអង្គរថាយហ្គឺរ បានស្វាគមន៍ដំណើរមកដល់របស់លោក Kota Miyagi ព្រមទាំងសង្ឃឹមថាលោកនឹងសហការជាមួយគ្រូបង្វឹក Oriol Segura ក្នុងការដឹកនាំក្រុមខ្លាទឹកក្រូចឲ្យទទួលបានជោគជ័យនៅក្នុងរដូវកាល ២០២១ នេះ៕
