កងទ័ពអាកាសរបស់ឥណ្ឌាបាននិយាយថា កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះថា មន្រ្តីយោធា ៣រូប ត្រូវបានបណ្ដេញចេញពីតំណែង ជុំវិញករណីបាញ់មីស៊ីលដោយចៃដន្យ ចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែ មីនា ឆ្នាំ ២០២២។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន ABC News នាថ្ងៃ ពុធ ទី ២៤ ខែ សីហា ឆ្នាំ ២០២២។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា តុលាការបានបើកការស៊ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះរួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបានរកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី ៣នាក់ ទើបនាំឲ្យមានការបាញ់មីស៉ីល ប្រ៉ាមូស (BrahMos) ចេញទៅប៉ាគីស្ថានដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្ដេញមន្រ្តីទាំង ៣រូប ដែលធ្វើការខុសបច្ចេកទេសនេះ ចេញពីតំណែងនាថ្ងៃទី ២៣ ខែ សីហា តែម្ដង។

មីស៊ីល ប្រ៉ាមូស (BrahMos) ជាប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលអភិវឌ្ឍន៍រួមគ្នាដោយរុស្ស៊ី និង ឥណ្ឌា បានបាញ់ចេញដោយចៃដន្យកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ​ ២០២២ ចូលខេត្ត ពន់ចាប់ (Punjab) ដែលជំរុញឲ្យប្រទេសប៉ាគីស្ថាន ព្រមាន និង ស្វែងរកការឆ្លើយតបពីទីក្រុង ញូវដេលី ដោយបានរិះគន់ការបាញ់បង្ហោះនេះថាជា «ការពារដែនអាកាសរបស់ប្រទេស» លើយន្ដការសុវត្ថិភាពដើម្បីទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតឡើងសារជាថ្មី បើទោះបីជាគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះក៏ដោយ។

នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬ ការគណនាខុសដោយប្រទេសជិតខាង ដែលធ្លាប់បានបង្កជាសង្រ្គាម ចំនួន៣លើក និង ការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសារ នៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។

ចាប់តាំងពីឆ្នាំ ២០១៩ ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពតានតឹង នៅពេលដែលកងទ័ពអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌានៅក្នុងដែនអាកាសគ្រប់គ្រងដោយប៉ាគីស្ថាននៃតំបន់ កាស្មៀរ (Kashmir) ហើយបានចាប់អ្នកបើកយន្ដហោះម្នាក់ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស ដោយយន្ដហោះឥណ្ឌាបានសំដៅទៅលើពួកសកម្មប្រយុទ្ធនៅទីក្រុង បាឡាគត់ (Balakot) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

កាលនោះឥណ្ឌាបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនសំដៅលើក្រុមសកម្មប្រយុទ្ធ គឺជាការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ទាហានឥណ្ឌា ៤០នាក់ នៅតំបន់ កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា ទើបក្រោយមកប៉ាគីស្ថានបានដោះលែងអ្នកបើកយន្ដហោះរបស់ឥណ្ឌាវិញ៕

ប្រភព៖ ABC

Share.